ភាគទី ២៖ ស្នាមញញឹមដែលមិនបានហាត់ទុក
ពន្លឺថ្ងៃរសៀលចាំងកាត់កញ្ចក់ហាងកាហ្វេ
ធ្លាក់មកលើតុឈើចាស់ដែលមានស្នាមឆ្កូតតិចៗ។ នរាអង្គុយចុះទាំងអារម្មណ៍មិននឹងនរ
ភ្នែករបស់គេសម្លឹងមើលកែវកាហ្វេដែលកំពុងដុះពពុះ។
គេមានអារម្មណ៍ថាខ្លួនឯងដូចជាក្មេងម្នាក់ដែលលួចធ្វើខុស
ព្រោះនេះជាលើកដំបូងដែលគេព្រមអង្គុយជាមួយអ្នកចម្លែក
ទាំងដែលគេគួរតែប្រញាប់ទៅផ្ទះដើម្បីធ្វើជា "កូនល្អ"។
ភូមិរិន្ទ សម្លឹងមើលនរា រួចញញឹមតិចៗ
ដៃរបស់គេនៅតែកាន់ខ្មៅដៃជាប់៖ «អ្នកមើលទៅដូចជាកំពុងភ័យអញ្ចឹង? ខ្ញុំមិនមែនជាមនុស្សអាក្រក់ទេណា
លោកគ្រូនរា»។
នរាភ្ញាក់ព្រើត ងើបមុខសម្លឹងភូមិទាំងងឿងឆ្ងល់៖ «លោក... លោកដឹងថាខ្ញុំជាគ្រូបង្រៀន?»
«បាទ! សម្លៀកបំពាក់លោករៀបរយពេក
ហើយកាបូបឯកសារនោះក៏ប្រាប់ខ្ញុំដែរ» ភូមិរិន្ទចង្អុលទៅកាបូបស្បែកខ្មៅដែលនរាឱបជាប់ជង្គង់។
«ហើយម្យ៉ាងទៀត... ខ្ញុំឃើញលោកដើរចូលសាលានៅជិតនេះរាល់ព្រឹក»។
នរាបង្ខំញញឹមតាមទម្លាប់៖ «បាទ...
ខ្ញុំបង្រៀនគណិតវិទ្យានៅទីនោះ។ ចុះលោកវិញ? លោកមកអង្គុយគូររូបនៅទីនេះរាល់ថ្ងៃមែនទេ?»
«ខ្ញុំជាអ្នករចនាក្រាហ្វិកឯករាជ្យ (Freelance Designer) ហើយក៏ចូលចិត្តគូររូបមនុស្សដែលឆ្លងកាត់ទីនេះដែរ» ភូមិផ្អែកខ្នងនឹងកៅអី
សម្លឹងភ្នែកនរាត្រង់ៗ «ប៉ុន្តែក្នុងចំណោមមនុស្សទាំងអស់
លោកគឺជាមនុស្សម្នាក់ដែលគូរពិបាកជាងគេបំផុត»។
«ហេតុអីទៅ?» នរាសួរទាំងចង់ដឹង។
«ព្រោះស្នាមញញឹមរបស់លោក...
វាមិនដូចគ្នាទៅនឹងកែវភ្នែករបស់លោកឡើយ» ភូមិនិយាយដោយសំឡេងស្ងប់ស្ងាត់
តែវាធ្វើឱ្យនរារឹងខ្លួនមួយរំពេច។ «លោកញញឹម...
តែភ្នែករបស់លោកកំពុងតែស្រែកយំឱ្យគេជួយ»។
សម្ដីរបស់ភូមិប្រៀបដូចជាដាវដែលចាក់ចំកណ្ដាលរបាំងមុខដែលនរាខំថែរក្សាបំផុត។
គេប្រញាប់ងាកមុខចេញ សម្លឹងមើលទៅក្រៅបង្អួច ដើម្បីលាក់បាំងភាពស្លន់ស្លោ។
«លោកនិយាយអី... ខ្ញុំមិនយល់ទេ» នរាតបទាំងរដាក់រដុប។
«មិនអីទេ បើលោកមិនទាន់ចង់និយាយ» ភូមិហុចសៀវភៅគំនូរឱ្យនរាមើល។
ក្នុងនោះមានរូបគំនូរខ្មៅដៃរបស់បុរសម្នាក់ដែលមើលទៅដូចនរាបេះបិទ ប៉ុន្តែក្នុងរូបនោះ
ភ្នែករបស់គេហាក់ដូចជាកំពុងសម្លឹងមើលទៅមេឃដ៏ធំទូលាយដោយក្ដីសង្ឃឹម។ «នេះជាអ្វីដែលខ្ញុំឃើញក្នុងខ្លួនលោក...
មិនមែនជាអ្វីដែលលោកខំបង្ហាញឱ្យពិភពលោកឃើញឡើយ»។
នរាសម្លឹងរូបនោះទាំងរំភើបក្នុងចិត្ត។ គេមិនដែលគិតថា
មានអ្នកណាម្នាក់អាចមើលឃើញ "ខ្លួនឯង"
ពិតប្រាកដតាមរយៈការសម្លឹងមើលតែប៉ុន្មានដងបែបនេះឡើយ។
ល្ងាចនោះ នរាត្រឡប់មកផ្ទះវិញយឺតបន្តិច។ នៅលើតុអាហារ
ប៉ារបស់គេកំពុងអង្គុយចាំទាំងទឹកមុខមាំ។
«ទៅណា ទើបតែមកដល់?» លោកសុខុមសួរដោយសំឡេងត្រជាក់។
«ខ្ញុំ... ខ្ញុំនៅកែកិច្ចការសិស្សនៅសាលាបន្តិចប៉ា» នរាកុហកទាំងមិនហ៊ានសម្លឹងភ្នែក។
«ល្អហើយដែលខំធ្វើការ... តែប៉ាចង់រំលឹកឯងរឿងរស្មី» ប៉ានិយាយបន្ត
«ប៉ាបាននិយាយជាមួយខាងឪពុកគេហើយ ថ្ងៃអាទិត្យនេះ
យើងនឹងទៅញ៉ាំបាយនៅផ្ទះគេ។ រៀបចំខ្លួនឱ្យបានសមរម្យ កុំឱ្យប៉ាខ្មាសគេ»។
នរាមានអារម្មណ៍ថាបាយក្នុងមាត់ប្រែជាល្វីងជូរចត់៖ «ប៉ា...
ខ្ញុំគិតថាវារាងលឿនពេកហើយមែនទេ?»
«លឿនអី? អាយុ ២៧ ហើយ!
ឯងចង់ឱ្យអ្នកជិតខាងគេនិយាយថា កូនប្រុសប៉ាមានបញ្ហាខួរក្បាល ឬក៏... បញ្ហាអីផ្សេងទៀត
បានជាមិនព្រមយកប្រពន្ធ?» ប៉ាសម្លឹងមកនរាដោយកែវភ្នែកសង្ស័យខ្លាំង។
បន្ទាប់ពីញ៉ាំបាយរួច ម៉ាក់ដើរចូលមកក្នុងបន្ទប់នរា
ឃើញគេកំពុងឈរសម្លឹងមើលមេឃតាមបង្អួច។
«នរា... កូនពិបាកចិត្តមែនទេ?» ម៉ាក់សួរទាំងទន់ភ្លន់
ដៃអង្អែលខ្នងកូន។
នរាបង្ខំញញឹម៖ «អត់ទេម៉ាក់
ខ្ញុំគ្រាន់តែរវល់ការងារបន្តិច»។
«ម៉ាក់ដឹងថាកូនហត់... តែធ្វើតាមប៉ាទៅកូន។
ប៉ាកូនគាត់ជាមនុស្សកាន់កេរ្តិ៍ឈ្មោះខ្លាំងណាស់។ បើកូនរៀបការមានគ្រួសារ
គាត់នឹងឈប់រំខានកូនហើយ»។
នរាឱនមុខចុះ។ គេចង់សួរម៉ាក់ថា «ចុះសេចក្ដីសុខរបស់ខ្ញុំនោះម៉ាក់? តើកេរ្តិ៍ឈ្មោះសំខាន់ជាងជីវិតកូនមែនទេ?» តែគេមិនហ៊ាននិយាយចេញមកឡើយ។
យប់ជ្រៅ នរាយកទូរស័ព្ទមកមើលលេខរបស់ "ភូមិ"
ដែលគេលួចសុំពីម្ចាស់ហាងកាហ្វេ។ គេសរសេរសារថា៖ «ភូមិ
អរគុណដែលអ្នកបានគូររូបនោះឱ្យខ្ញុំ។ តាមពិតអ្នកនិយាយត្រូវ... ខ្ញុំកំពុងរស់ក្នុងគុក»។
តែម្រាមដៃរបស់គេមិនហ៊ានចុចពាក្យថា "ផ្ញើ"
ឡើយ។ គេលុបវាចោលវិញ រួចដាក់ទូរស័ព្ទចុះទាំងដកដង្ហើមធំ។
ភាពភ័យខ្លាចពីអតីតកាលដែលវិទ្យាធ្លាប់ធ្វើបាបគេ នៅតែតាមលងបន្លាចគេជានិច្ច។
ថ្ងៃអាទិត្យឈានចូលមកដល់។
នរាត្រូវបានប៉ាម៉ាក់នាំទៅផ្ទះរបស់រស្មី។ ផ្ទះនោះស្អាត និងមានផ្កាដុះជុំវិញ។
រស្មីចេញមកទទួលដោយស្នាមញញឹមស្រស់ស្រាយបំផុត។
«ជម្រាបសួរលោកពុកអ្នកមីង! សួស្ដីនរា!» នាងនិយាយទាំងអៀនប្រៀន។
នរាញញឹមតបតាមទម្លាប់៖ «សួស្ដីរស្មី»។
នៅលើតុអាហារ ឪពុករបស់រស្មី និងលោកសុខុម
ជជែកគ្នាពីកិត្តិយស និងគម្រោងរៀបការដែលពួកគេចង់ឱ្យកើតឡើងក្នុងពេលឆាប់ៗ។
នរាអង្គុយស្ងៀម ហាក់ដូចជាតួអង្គម្នាក់ដែលគ្មានសិទ្ធិសម្រេចចិត្តលើជោគវាសនាខ្លួនឯង។
ក្រោយញ៉ាំបាយរួច រស្មីនាំនរាដើរលេងក្នុងសួន។
នាងមើលទៅសប្បាយចិត្តខ្លាំងណាស់។
«នរា... អ្នកមើលទៅស្ងាត់ណាស់ថ្ងៃនេះ។
មានរឿងអីក្នុងចិត្តមែនទេ?» រស្មីសួរទាំងបារម្ភ។
«គ្មានអីទេ គ្រាន់តែរាងងងុយបន្តិច» នរាតបកុហក។
«ខ្ញុំដឹងថាប៉ារបស់យើងចង់បង្ខំ... តែខ្ញុំពិតជាចូលចិត្តលោកណា
នរា។ បើអ្នកព្រមបើកចិត្តឱ្យខ្ញុំ ខ្ញុំនឹងធ្វើឱ្យអ្នកមានសេចក្តីសុខបំផុត» រស្មីលូកដៃមកកាន់ដៃនរា។
នរាមានអារម្មណ៍ថាត្រជាក់ពេញខ្លួន។ ដៃរបស់រស្មីស្អាត
និងកក់ក្ដៅ តែវាមិនមែនជាអ្វីដែលបេះដូងគេប្រាថ្នាឡើយ។ គេញញឹមទាំងឈឺចាប់
រួចដកដៃចេញតិចៗ៖ «អរគុណរស្មី... ខ្ញុំត្រូវការពេលបន្តិចទៀត»។
ចេញពីផ្ទះរស្មី នរាមិនបានត្រឡប់ទៅផ្ទះភ្លាមៗទេ
តែគេបើកម៉ូតូសំដៅទៅហាងកាហ្វេដដែល។ គេត្រូវការខ្យល់ដកដង្ហើម។ គេឃើញភូមិកំពុងអង្គុយអានសៀវភៅនៅទីនោះ។
គ្រាន់តែឃើញមុខភូមិ
ទឹកភ្នែកដែលនរាខំអត់សង្កត់តាំងពីព្រឹកក៏ស្រក់ចុះមក។ គេដើរទៅអង្គុយចុះ
រួចងាកមុខចេញ។
«នរា!» ភូមិភ្ញាក់ផ្អើល
រួចប្រញាប់ហុចកន្សែងឱ្យ «មានរឿងអី? យំមែនទេ?»
«ភូមិ... ខ្ញុំហត់ណាស់។ ខ្ញុំមិនអាចធ្វើជា 'នរា' ដែលគ្រប់គ្នាប្រាថ្នាបានទៀតទេ» នរានិយាយទាំងអួលដើមក។
ភូមិមិនសួរនាំច្រើនឡើយ គេគ្រាន់តែអង្គុយក្បែរនរា
រួចនិយាយតិចៗ៖
«យំចេញមកចុះ នរា។ នៅទីនេះ គ្មានអ្នកណាចាំចង្អុលមុខជេរឯងឡើយ។
ពិភពលោកខាងក្រៅអាចនឹងតឹងតែង តែក្នុងហាងកាហ្វេតូចនេះ ឯងអាចជាមនុស្សធម្មតាម្នាក់ដែលមានសិទ្ធិឈឺចាប់បាន»។
នរាសម្លឹងមើលភូមិ។ សម្ដីរបស់បុរសម្នាក់នេះ
តែងតែមានមន្តស្នេហ៍ម្យ៉ាងដែលធ្វើឱ្យគេមានអារម្មណ៍ថាសុវត្ថិភាព។
គេចាប់ផ្ដើមរៀបរាប់ពីរឿងរ៉ាវនៅផ្ទះរស្មី និងសម្ពាធពីប៉ាឱ្យភូមិស្ដាប់ទាំងអស់។
មុនពេលត្រឡប់ទៅផ្ទះ ភូមិបានហុចផ្កាក្រដាសដែលគេបត់យ៉ាងស្អាតឱ្យនរា។
«នេះសម្រាប់ឯង។ ទោះវាគ្រាន់តែជាក្រដាស
តែវាគ្មានថ្ងៃស្វិតស្រពោនឡើយ។ ដូចជាការពិតក្នុងចិត្តឯងអញ្ចឹង... ទោះឯងព្យាយាមបំបិទវា
ក៏វានៅតែមានជីវិតក្នុងខ្លួនអ្នកជានិច្ច»។
នរាទទួលផ្កានោះមកកាន់យ៉ាងថ្នម។ គេងើបមុខមើលផ្កាយលើមេឃ
រួចនិយាយតិចៗ៖ «អរគុណភូមិ... អរគុណដែលនៅក្បែរខ្ញុំ»។
នរាបើកម៉ូតូត្រឡប់ទៅផ្ទះវិញទាំងអារម្មណ៍ប្លែក។ គេដឹងថា ថ្ងៃស្អែកគេត្រូវតែពាក់របាំងមុខម្ដងទៀត តែលើកនេះ គេមានផ្កាក្រដាសមួយនៅក្នុងហោប៉ៅ... ជាចំណងនៃក្ដីសង្ឃឹមដែលគេមិនធ្លាប់មាន។
No comments:
Post a Comment