ពាក្យសន្យាក្រោមដើមឈើផ្កាត្របែកព្រៃ
រដូវរងាឆ្នាំនោះមកដល់លឿនជាងរាល់ដង។ ខ្យល់ត្រជាក់បក់កាត់ទីធ្លាសាលា ធ្វើឱ្យសិស្សគ្រប់គ្នាត្រូវពាក់អាវរងាក្រាស់ៗ។ នៅក្រោមដើមត្របែកព្រៃ រិទ្ធអង្គុយញ័រទទ្រើតព្រោះភ្លេចយកអាវរងាមកពីផ្ទះ។ ឃើញដូច្នោះ តុលាក៏ដោះអាវរងាធំរបស់គេមកគ្របលើស្មារិទ្ធ រួចស៊កដៃទាំងពីររបស់គេមកកាន់ដៃរិទ្ធដើម្បីផ្ដល់កម្ដៅ។
«ចុះឯងមិនរងាទេអី?» រិទ្ធសួរទាំងអៀន។
«អត់ទេ... ឱ្យតែបាននៅជិតឯង
បេះដូងយើងកក់ក្តៅជាងអាវរងាទៅទៀត» តុលានិយាយទាំងញញឹម
ខណៈដែលផ្សែងដង្ហើមហុយចេញមកតាមមាត់តិចៗក្នុងអាកាសធាតុត្រជាក់។»
ពេលវេលានៃជីវិតវិទ្យាល័យហាក់ដូចជាស្លាបបក្សីដែលហោះហើរយ៉ាងលឿនកាត់ផ្ទៃមេឃ។
រយៈពេលមួយឆ្នាំដែលរិទ្ធ និងតុលាបានចំណាយជាមួយគ្នា គឺជាឆ្នាំដែលពោរពេញដោយពណ៌ជម្រុះ
និងអត្ថន័យបំផុតសម្រាប់ជីវិតយុវវ័យរបស់រិទ្ធ។
ពីក្មេងប្រុសម្នាក់ដែលធ្លាប់តែអង្គុយក្នុងស្រមោល និងរស់នៅក្នុងភាពឯកោ
ឥឡូវនេះរិទ្ធមានតុលាជាពន្លឺនាំផ្លូវ ជាខ្យល់ដង្ហើម
និងជាសេចក្តីសុខដែលគេមិនដែលហ៊ានសូម្បីតែស្រមៃចង់បាន។
ពួកគេតែងតែទៅបណ្ណាល័យជាមួយគ្នា ញ៉ាំបាយថ្ងៃត្រង់ក្រោមម្លប់ឈើ និងជិះកង់ឌុបគ្នាតាមដងផ្លូវដែលហុយដីក្រហមទៅផ្ទះជារៀងរាល់ល្ងាច។
នៅសល់តែពីរខែទៀតប៉ុណ្ណោះ ថ្ងៃប្រឡងបាក់ឌុបដ៏សំខាន់នឹងមកដល់។
សម្ពាធនៃការសិក្សា និងការរំពឹងទុកពីគ្រួសារបានធ្វើឱ្យសិស្សគ្រប់គ្នាមានភាពតានតឹង
ប៉ុន្តែសម្រាប់រិទ្ធ និងតុលា ពួកគេមានទីសន្តិភាពផ្ទាល់ខ្លួន
គឺដើមឈើផ្កាត្របែកព្រៃធំមួយនៅជ្រុងដាច់ស្រយាលនៃសាលាដែលមិនសូវមានអ្នកណាទៅដល់។
ល្ងាចមួយ ខណៈដែលផ្ទៃមេឃចាប់ផ្តើមប្រែពណ៌ជាពណ៌មាសលាយទឹកក្រូចស្រទន់
ពួកគេអង្គុយផ្អែកខ្នងនឹងគល់ឈើធំនោះ។
ខ្យល់បក់មកប៉ះផ្កាពណ៌ផ្កាឈូកស្រាលៗឱ្យជ្រុះរោយចុះមកលើស្មា និងសក់របស់ពួកគេ
ដូចជាតំណក់ទឹកភ្លៀងនៃក្តីស្រឡាញ់។
«តុលា...
ឯងគិតចង់រៀនជំនាញអីដែរពេលទៅភ្នំពេញ?» រិទ្ធសួរតិចៗ ទាំងសម្លឹងមើលទៅដងផ្លូវឆ្ងាយដែលនាំទៅរកភាពមិនច្បាស់លាស់នៃអនាគត។
«រៀនអីក៏បានដែរ ឱ្យតែខ្ញុំបាននៅក្បែរឯង!» តុលានិយាយបែបលេងសើច ព្រមទាំងធ្វើទឹកមុខក្រមិចក្រមើម គួរឱ្យខ្នាញ់ដាក់រិទ្ធ។
«ឆ្កួត... ឯងត្រូវធ្វើតាមក្តីស្រមៃខ្លួនឯងដែរ!» រិទ្ធនិយាយទាំងសើច និងយកដៃទះក្បាលតុលាស្រាលៗ
រួចបន្តដោយខ្សែភ្នែកមោះមុត៖ «ស្ដាប់ណា... បើឯងរឹងមាំ
ទើបយើងអាចដើរទៅមុខជាមួយគ្នាបានឆ្ងាយ។ ក្ដីស្រមៃរបស់ឯង គឺជាកម្លាំងចិត្តរបស់ខ្ញុំ។
ដូច្នេះ កុំនិយាយថាមានតែក្ដីស្រមៃចង់នៅក្បែរខ្ញុំអី ព្រោះសម្រាប់ខ្ញុំ...
ឯងគឺជាក្ដីស្រមៃស្រាប់ទៅហើយ។»
សម្លេងរបស់រិទ្ធពេលនោះ
ហាក់ដូចជាមានទម្ងន់ជាងរាល់ដង ធ្វើឱ្យតុលាមានអារម្មណ៍រំភើបផង
និងកក់ក្ដៅក្នុងចិត្តផង រហូតគេមិនដឹងថាត្រូវនិយាយអ្វីតបវិញ
ក្រៅពីការញញឹមយ៉ាងស្រស់ស្រាយ និងចាប់កាន់ដៃរិទ្ធឱ្យកាន់តែណែនជាងមុន។
«ខ្ញុំប្រហែលជាត្រូវរៀនគ្រប់គ្រងពាណិជ្ជកម្ម ដើម្បីជួយការងារប៉ាម៉ាក់នៅផ្ទះ។ ប៉ុន្តែ...» តុលាបង្អង់បន្តិច
រួចងាកមកសម្លឹងចំកែវភ្នែករបស់រិទ្ធដោយភាពម៉ឺងម៉ាត់ខុសពីរាល់ដង៖ «ឯងដឹងទេ
ហេតុអីបានជាខ្ញុំចង់រៀននៅក្បែរឯង? គឺព្រោះតែខ្ញុំចង់ធ្វើជាពន្លឺដែលតាមបំភ្លឺផ្លូវឱ្យឯង
និងចង់មើលថែឯងឱ្យបានគ្រប់ពេល... មិនឱ្យឯងត្រូវរស់ក្នុងភាពឯកោម្នាក់ឯងទៀតទេ»។ តុលានិយាយទាំងងាកមកសម្លឹងរិទ្ធដោយខ្សែភ្នែកដែលពោរពេញដោយភាពស្មោះត្រង់។
«ចុះឯងវិញ រិទ្ធ?
«ខ្ញុំចង់គូររូប...
ចង់សង់ផ្ទះដែលរឹងមាំ និងស្រស់ស្អាតបំផុត» រិទ្ធឆ្លើយទាំងញញឹមបន្តិច។
តុលាចាប់ដៃរិទ្ធមកដាក់លើសៀវភៅគំនូរ រួចពោលដោយសម្លេងមោះមុត៖ «បើថ្ងៃក្រោយឯងក្លាយជាស្ថាបត្យករ
ឯងត្រូវសង់ផ្ទះមួយឱ្យយើងរស់នៅជាមួយគ្នា។ ផ្ទះនោះត្រូវតែធ្វើពី កញ្ចក់។
ខ្ញុំចង់ឱ្យវាជាផ្ទះដែលគ្មានជញ្ជាំងបិទបាំង
គ្មានជ្រុងងងឹតសម្រាប់ឱ្យឯងទៅលាក់ខ្លួនម្នាក់ឯងទៀត។ ខ្ញុំចង់ឱ្យពន្លឺថ្ងៃចាំងចូលមកប៉ះខ្លួនឯងពីគ្រប់ទិសទី
ដើម្បីឱ្យឯងដឹងថា ការដែលមានអ្នកដទៃមើលឃើញ និងការដែលរស់ក្នុងពន្លឺ
វាមិនមែនជារឿងគួរឱ្យខ្លាចនោះទេ»។
រិទ្ធមិនឆ្លើយ តែគេបានអោនចុះរើសយកផ្កាត្របែកព្រៃដែលជ្រុះមកលើដី
យកមកក្រងយ៉ាងផ្ចិតផ្ចង់។ ម្រាមដៃវែងៗរបស់រិទ្ធញាប់ដៃញាប់ជើង រហូតបង្កើតបានជាខ្សែដៃផ្កាពណ៌ផ្កាឈូកតូចមួយដ៏ស្រស់ស្អាត។
គេចាប់ដៃតុលាលើកឡើង រួចបំពាក់ខ្សែដៃផ្កានោះឱ្យតុលាយ៉ាងថ្នមៗ។
«ខ្សែដៃនេះ...
ជាសក្ខីភាពនៃពាក្យសន្យារបស់ខ្ញុំ» រិទ្ធនិយាយទាំងអួលដើមកបន្តិច។ «វាប្រហែលជាមិនថ្លៃថ្នូរ មិនមានតម្លៃដូចមាសពេជ្រ តែវាចេញពីបេះដូងរបស់ខ្ញុំ។
តុលា... ខ្ញុំសន្យា មិនថាថ្ងៃអនាគតមានរឿងអ្វីកើតឡើង មិនថាពិភពលោកខាងក្រៅវាធំធេង
និងគួរឱ្យខ្លាចប៉ុណ្ណា ក៏ខ្ញុំមិនលែងដៃឯងដែរ។ យើងនឹងទៅភ្នំពេញជាមួយគ្នា
ជួលបន្ទប់តូចមួយដែលមើលឃើញមេឃ... ឯងអង្គុយមើលមេរៀន
ខ្ញុំអង្គុយគូររូបផ្ទះកញ្ចក់របស់យើង»។
តុលាសម្លឹងមើលខ្សែដៃផ្កានោះ រួចងើបមុខសម្លឹងរិទ្ធទាំងទឹកភ្នែករលីងរលោង។
គេឈោងដៃមកអោបរិទ្ធយ៉ាងណែន កម្ដៅនៃបាតដៃ
និងដង្ហើមរបស់តុលាធ្វើឱ្យរិទ្ធមានអារម្មណ៍កក់ក្តៅ និងមានសុវត្ថិភាពបំផុត។
«អរគុណណា រិទ្ធ។
ខ្ញុំនឹងមិនលែងដៃឯងឡើយ ទោះបីជាពិភពលោកទាំងមូលប្រឆាំងនឹងយើងក៏ដោយ»។
ក្នុងភាពស្ងៀមស្ងាត់នៃសាលារៀននាពេលព្រលប់
តុលាបានអោនទៅថើបបបូរមាត់រិទ្ធយ៉ាងស្រទន់។
វាជាការថើបដែលមានរសជាតិផ្អែមល្ហែមដូចក្លិនផ្កាត្របែកព្រៃ
និងមានភាពជឿជាក់យ៉ាងមុតមាំ។ ខ្សែដៃផ្កាត្របែកព្រៃនៅលើកដៃតុលា
ចាំងឆ្លុះនឹងពន្លឺថ្ងៃចុងក្រោយ ហាក់ដូចជាចង់ចងចាំរាល់ពាក្យសន្យានាពេលនេះទុកក្នុងបេះដូងពួកគេជានិរន្តរ៍។
No comments:
Post a Comment