Page

Wednesday, March 4, 2026

អាចទេ មើលមកខ្ញុំជាខ្ញុំ មិនមែនភេទរបស់ខ្ញុំ?

តើអ្នកធ្លាប់មានអារម្មណ៍ថា ខ្លួនឯងកំពុងរស់នៅក្នុងគុកដែលគ្មានជញ្ជាំងដែរឬទេ? សម្រាប់មនុស្សទូទៅ ការដកដង្ហើមចេញចូលគឺជាធម្មជាតិ ប៉ុន្តែសម្រាប់ខ្ញុំដែលជា Gay ម្នាក់ រាល់ដង្ហើមចេញចូល គឺជាការប្រុងប្រយ័ត្ន រាល់ពាក្យសម្តីគឺជាការសម្តែង ហើយរាល់ស្នាមញញឹម ជារឿយៗគឺជាស្រទាប់ការពារការឈឺចាប់ដែលលាក់ទុកយ៉ាងជិត។

ការឈឺចាប់បំផុត មិនមែនជាការដែលគ្មានអ្នកស្រឡាញ់នោះទេ ប៉ុន្តែគឺការដែលមិនអាច "ធ្វើជាខ្លួនឯង" នៅចំពោះមុខមនុស្សដែលយើងស្រឡាញ់បំផុត។ ខ្ញុំធ្លាប់សួរខ្លួនឯងថា៖ "តើបេះដូងរបស់ខ្ញុំវាខុសធ្ងន់ធ្ងរណាស់មែនទេ?" ហេតុអ្វីបានជាក្តីស្រឡាញ់ និងធម្មជាតិពិតរបស់ខ្ញុំ បែរជាក្លាយជាអាថ៌កំបាំងដ៏ខ្មៅងងឹតដែលត្រូវលាក់ទុកទៅវិញ?

រាល់ពេលដែលប៉ាម៉ាកំពុងនិយាយពីអនាគតរបស់ខ្ញុំ និយាយពីការមានគ្រួសារ ឬមានចៅ បេះដូងខ្ញុំប្រៀបដូចជាត្រូវគេយកកាំបិតមកច្រៀក។ ខ្ញុំខ្លាច... ខ្លាចខ្លាំងបំផុតគឺខ្លាចពួកគាត់រងភាពអាម៉ាស់ដោយសារមានកូនដូចជាខ្ញុំ។ ខ្ញុំខ្លាចក្រសែភ្នែកអ្នកជិតខាងមើលមកពួកគាត់ក្នុងន័យរើសអើង។ ដើម្បីរក្សាកិត្តិយសគ្រួសារ ខ្ញុំសុខចិត្តសង្កត់ចិត្ត សុខចិត្តដើរតួជា "កូនប្រុសគំរូ" តាមការចង់បានរបស់សង្គម ទោះបីជាខាងក្នុងបេះដូងកំពុងស្រែកយំរកសេរីភាពក៏ដោយ។

វាមិនមែនជារឿងងាយស្រួលទេ ដែលត្រូវដើរចេញទៅក្រៅ ហើយទទួលអារម្មណ៍ថាមានកែវភ្នែករាប់រយគូកំពុងចាំចាប់កំហុស។ ជារឿយៗ សង្គមមើលមកយើងដូចជា "វត្ថុចម្លែក" ឬ "មនុស្សខុសប្រក្រតី"។ ពួកគេមិនបានមើលឃើញពីសមត្ថភាព ឬគុណធម៌ក្នុងចិត្តរបស់យើងឡើយ អ្វីដែលគេចង់ឃើញ គឺគ្រាន់តែចង់ដឹងថា តើយើងជាភេទអ្វី? ហើយយកវាមកធ្វើជាប្រធានបទវិនិច្ឆ័យតម្លៃមនុស្សម្នាក់ៗទៅវិញ។

មិត្តភក្តិគួរតែជាកន្លែងផ្តល់ភាពកក់ក្តៅ ប៉ុន្តែពេលខ្លះ ពួកគេគឺជាអ្នកដែលធ្វើឱ្យយើងឈឺចាប់ជាងគេ។ រាល់ពាក្យកំប្លែងលេងសើច ការប្រើពាក្យបង្អាប់ពីភេទសម្គាល់ ឬការយកចរិតលក្ខណៈរបស់យើងមកធ្វើជាចំណីមាត់ វាបានចាក់ទម្លុះបេះដូងយ៉ាងជ្រៅ។ ខ្ញុំត្រូវបង្ខំចិត្តសើចតាមពួកគេ ដើម្បីកុំឱ្យគេដឹងថាខ្ញុំជាអ្នកណា ប៉ុន្តែសំនើចនោះ គឺជាទឹកភ្នែកដែលហូរត្រឡប់ចូលក្នុងទ្រូង។

ការរស់នៅដោយ "ខ្លាចគ្រប់បែបយ៉ាង" គឺជាបន្ទុកដ៏ធ្ងន់ធ្ងរ។ ប៉ុន្តែខ្ញុំចង់ប្រាប់អ្នកដែលកំពុងឆ្លងកាត់រឿងនេះដូចខ្ញុំថា៖ ការដែលអ្នកកើតមកជា Gay វាមិនមែនជាកំហុសរបស់អ្នកទេ ហើយវាក៏មិនមែនជាភាពអាម៉ាស់ដែរ។ ទោះបីជាថ្ងៃនេះ ពិភពលោកនៅមានភាពងងឹត សង្គមនៅមានការរើសអើង ហើយគ្រួសារនៅមិនទាន់យល់ ប៉ុន្តែសូមកុំបោះបង់ខ្លួនឯងចោល។ កុំឱ្យការភ័យខ្លាចលេបត្របាក់ក្តីសង្ឃឹមរបស់អ្នក។ យើងប្រហែលជាត្រូវរស់នៅក្នុងស្រមោលនៅឡើយ ប៉ុន្តែបេះដូងរបស់យើងត្រូវតែរឹងមាំ។

Gay Confession!




 

No comments:

Post a Comment