Marquee

ទោះបីជាក្នុងជីវិតពិត អ្នកប្រហែលជាត្រូវរស់នៅដោយលាក់បាំងអត្តសញ្ញាណខ្លះ ប៉ុន្តែនៅលើទំព័រនេះ សំឡេងរបស់អ្នកមានតម្លៃ ហើយអត្ថិភាពរបស់អ្នកគឺច្បាស់លាស់បំផុត។!

Friday, March 13, 2026

វគ្គទី ៤៖ ស្រមោលរដូវរងា

 វគ្គទី ៖ ស្រមោលអនាមិក

ជីវិតជានិស្សិតស្ថាបត្យកម្មឆ្នាំទី ២ នៅភ្នំពេញ បានរុញច្រានរិទ្ធឱ្យធ្លាក់ដល់ចំណុចទាបបំផុត។ វិបត្តិហិរញ្ញវត្ថុបានធ្វើឱ្យគេគ្មានជម្រើសក្រៅពីការសរសេរលិខិតសុំព្យួរការសិក្សា។ ប៉ុន្តែ នៅពេលដែលគេយកលិខិតនោះទៅដាក់នៅការិយាល័យសិក្សា អ្វីៗបែរជាប្រែប្រួលហួសពីការស្មាន។

«ប្អូនមិនបាច់ដាក់លិខិតនេះទេ! ថ្លៃមាស (Semester) របស់ប្អូន មានគេបង់ឱ្យរួចរាល់ហើយ» បុគ្គលិកបេឡាករនិយាយទាំងមិនងើបមុខមើលរិទ្ធផង។

រិទ្ធគាំងមួយខណៈ ខួរក្បាលគេវិលវល៖ «អ្នកណាគេបង់ឱ្យខ្ញុំបង? ប្រហែលជាច្រឡំឈ្មោះហើយដឹង?»

«មិនច្រឡំទេ! ឈ្មោះ រិទ្ធ និស្សិតស្ថាបត្យកម្មឆ្នាំទី ២។ សប្បុរសជននោះពាក់អាវធំមានមួកបិទបាំងជិត គេមិនប្រាប់ឈ្មោះទេ គេគ្រាន់តែផ្ដាំថា កុំឱ្យប្អូនបោះបង់ការរៀនសូត្រឱ្យសោះ រួចគេក៏ចេញទៅបាត់»

រិទ្ធដើរចេញពីការិយាល័យទាំងវិលវល់។ នៅក្បែរបង់ឈើក្រោមដើមឈើធំ វិចិត្រ ដែលជាមិត្តភក្តិជិតស្និទ្ធតែម្នាក់គត់របស់រិទ្ធ កំពុងអង្គុយរង់ចាំ។

«យ៉ាងម៉េចហើយអា រិទ្ធ? សាលាព្រមឱ្យឯងព្យួររៀនទេ?» វិចិត្រសួរទាំងបារម្ភ។

រិទ្ធហុចបង្កាន់ដៃបង់ប្រាក់ឱ្យវិចិត្រមើលទាំងដៃញ័រ៖ «មានអ្នកណាមិនដឹងមកបង់លុយឱ្យគ្នាព្រឹកមិញ... បងបេឡាករថាមិនស្គាល់ឈ្មោះទៀត។»

វិចិត្របើកភ្នែកធំៗ៖ «ហា៎! ចម្លែកម៉្លេះ? ឬក៏ជាលោកគ្រូដេប៉ាតឺម៉ង់យើង? គាត់ឃើញឯងរៀនពូកែ គាត់ជួយសម្ងាត់មែនទេ?»

«មិនអាចទេ! លោកគ្រូគាត់ទើបតែសួរគ្នារឿងថ្លៃសាលាកាលពីម្សិលមិញ បើគាត់ជួយ គាត់ច្បាស់ជាប្រាប់គ្នាហើយ» រិទ្ធតបទាំងទឹកមុខស្មើ

«ចុះ... ឬក៏ជានិស្សិតស្រីម្នាក់ដែលលួចស្រឡាញ់ឯងនោះ? កូនអ្នកមាននោះអី?» វិចិត្រនៅតែបន្តទាយ។

រិទ្ធគ្រវីក្បាល៖ «វាមិនសមហេតុផលទាល់តែសោះ។» រិទ្ធបង្អង់ពាក្យសម្ដី។ ក្នុងចិត្តគេលួចគិតដល់ឈ្មោះមួយ ប៉ុន្តែគេប្រញាប់គ្រវីក្បាលបដិសេធភ្លាម ព្រោះមនុស្សម្នាក់នោះបានបាត់ខ្លួនទៅដោយគ្មានដំណឹងអស់រយៈពេល ២ ឆ្នាំមកហើយ។

មិនមែនមានតែរឿងថ្លៃសាលាឡើយ។ រិទ្ធចាប់ផ្ដើមនឹកឃើញដល់រឿងចម្លែកៗកាលពីកន្លងមក។ កាលពីខែរងារប៉ុន្មានខែមុ ក៏មានគេផ្ញើអាវរងាថ្មីមួយមកឱ្យគេដល់បន្ទប់ជួលដោយមិនបញ្ជាក់អត្តសញ្ញាណអ្នកផ្ញើដែរ

«គ្នាមានអារម្មណ៍ថាដូចមានអ្នកណាតាមមើលថែឯងគ្រប់ជំហានទេ អា រិទ្ធ?» វិចិត្រសួរទាំងទឹកមុខងឿងឆ្ងល់។

រិទ្ធមិនឆ្លើយតបអ្វីឡើយ ប៉ុន្តែពាក្យសម្ដីរបស់វិចិត្របានធ្វើឱ្យបេះដូងគេញ័ររន្ធត់។ វាបានដាស់នូវការចងចាំដ៏សែនឆ្ងាយមួយ... ពាក្យសម្ដីរបស់តុលានៅក្រោមដើមផ្កាត្របែកព្រៃកាលពីឆ្នាំមុនបានបន្លឺឡើងវិញក្នុងត្រចៀករបស់គេ៖ «ខ្ញុំចង់រៀននៅក្បែរឯង ដើម្បីបានតាមមើលថែឯងគ្រប់ពេល...»

រិទ្ធឈរធ្មឹង កែវភ្នែករបស់គេចាប់ផ្ដើមដក់ដោយតំណក់ទឹកភ្នែកដែលមិនអាចហាមឃាត់បាន។ សំណួររបស់វិចិត្រប្រៀបដូចជាការគាស់កកាយនូវរបួសចាស់ដែលគេខំលាក់ទុកយ៉ាងជិត ឱ្យរើឡើងវិញទាំងឈឺចាប់។ គេសម្លឹងមើលបង្កាន់ដៃបង់ប្រាក់ក្នុងដៃ ទាំងក្នុងចិត្តបន់ស្រន់សុំឱ្យ "សប្បុរសជនអនាមិក" ម្នាក់នោះ គឺជាមនុស្សដែលគេកំពុងនឹកនាបំផុត ប៉ុន្តែម្ខាងទៀតនៃចិត្ត គេក៏មានអារម្មណ៍ខ្លាច... ខ្លាចថាវាគ្រាន់តែជាការយល់សប្តិដែលធ្វើឱ្យគេកាន់តែឈឺលើសដើម។

No comments:

Post a Comment