Marquee

ទោះបីជាក្នុងជីវិតពិត អ្នកប្រហែលជាត្រូវរស់នៅដោយលាក់បាំងអត្តសញ្ញាណខ្លះ ប៉ុន្តែនៅលើទំព័រនេះ សំឡេងរបស់អ្នកមានតម្លៃ ហើយអត្ថិភាពរបស់អ្នកគឺច្បាស់លាស់បំផុត។!

Friday, March 6, 2026

វគ្គទី ៣៖ ស្រមោលរដូវរងា

ការបែកបាក់ដែលគ្មានការលាគ្នា

ថ្ងៃប្រកាសលទ្ធផលប្រឡងបាក់ឌុបបានមកដល់។ ឈ្មោះរបស់ពួកគេទាំងពីរបានជាប់ដូចបំណង។ រិទ្ធសប្បាយចិត្តខ្លាំងណាស់ គេប្រញាប់រៀបចំខោអាវដាក់ក្នុងវ៉ាលីចាស់មួយ ដើម្បីត្រៀមចេញដំណើរទៅភ្នំពេញតាមការណាត់ជួបជាមួយតុលានៅបេនឡានក្រុង។

«ជួបគ្នាម៉ោង ៨ ព្រឹក នៅបេនឡានណា!» នោះគឺជាសារចុងក្រោយដែលតុលាផ្ញើមកឱ្យគេកាលពីយប់មិញ។

រិទ្ធមកដល់បេនឡានតាំងពីម៉ោង ៧ កន្លះ។ គេអង្គុយលើបង់ឈើ សម្លឹងមើលនាឡិកាម្តងហើយម្តងទៀត។ ម៉ោង ៨ កន្លងផុតទៅ... ម៉ោង ៩... ម៉ោង ១០... រហូតដល់ថ្ងៃត្រង់ត្រង់។ តុលានៅតែមិនមកដល់។ រិទ្ធព្យាយាមទូរស័ព្ទទៅរាប់រយដង ប៉ុន្តែប្រព័ន្ធឆ្លើយតបថា "លេខដែលលោកអ្នកកំពុងហៅ មិនអាចទាក់ទងបានទេ"។

អារម្មណ៍ព្រួយបារម្ភចាប់ផ្តើមប្រែជាភាពភ័យខ្លាច។ រិទ្ធសម្រេចចិត្តជិះកង់ទៅផ្ទះរបស់តុលាដែលនៅម្ខាងនៃភូមិ។ ប៉ុន្តែនៅពេលទៅដល់ អ្វីដែលគេឃើញគឺភាពស្ងាត់ជ្រងំ។ ផ្ទះឈើពីរជាន់ដ៏ស្រស់ស្អាតរបស់តុលាត្រូវបានចាក់សោរបិទជិត របងផ្ទះមានសភាពដូចជាគ្មានមនុស្សរស់នៅតាំងពីយប់មិញ។

«មីង! មីងដឹងទេថាម្ចាស់ផ្ទះនេះទៅណា?» រិទ្ធសួរអ្នកជិតខាងដែលកំពុងបោសសំរាមនៅក្បែរនោះទាំងដង្ហើមញាប់។

«អូ! គ្រួសារលោកមេភូមិមែនទេក្មួយ? ឃើញឡានដឹកអីវ៉ាន់មកដឹកចេញតាំងពីពាក់កណ្តាលអាធ្រាត្រម្ល៉េះ។ ឮថាលោកមេភូមិផ្ទេរទៅធ្វើការនៅខេត្តឆ្ងាយភ្លាមៗ មិនដឹងថាទៅខេត្តណាឱ្យប្រាកដទេ»

«ហេតុអីទៅមីង? តុលាអត់បានប្រាប់ខ្ញុំសូម្បីតែមួយម៉ាត់!» រិទ្ធស្រែកសួរទាំងទឹកភ្នែកហូរមក។

មីងអ្នកជិតខាងឈប់បោស រួចងើបមុខមកសម្លឹងរិទ្ធដោយខ្សែភ្នែកចម្លែកដែលបង្កប់ដោយភាពភ័យខ្លាច គាត់ខ្សឹបតិចៗថា៖ «មីងដឹងត្រឹមថា យប់មិញមានរឿងធំកើតឡើងក្នុងគ្រួសារគេ... » និយាយចប់ គាត់ក៏ងាកក្បាលបន្តិចរួចចង្អុលទៅកាន់ ឃ្លាំងដាក់អីវ៉ាន់ចាស់ នៅផ្នែកខាងក្រោយផ្ទះដែលមានស្នាមភ្លើងឆេះខ្លោចខ្មៅនៅមាត់បង្អួច។ មីងក៏ដើរចូលផ្ទះបិទទ្វារបាត់ ទុកឱ្យរិទ្ធឈរគាំងដូចជារូបចម្លាក់កណ្តាលកម្តៅថ្ងៃ។

រិទ្ធព្យាយាមសម្លឹងមើលទៅស្នាមភ្លើងឆេះនោះ ក្នុងចិត្តគេច្របូកច្របល់រកពាក្យថ្លែងមិនចេញ។ តើមានរឿងអ្វីកើតឡើងចំពោះតុលា? ហេតុអ្វីបានជាត្រូវចាកចេញទាំងប្រញាប់ប្រញាល់បែបនេះ? រិទ្ធដួលលុតជង្គង់លើដីមុខផ្ទះដែលស្ងាត់ជ្រងំ ដៃទាំងពីរក្តាប់ដីភក់យ៉ាងណែន។ ពាក្យសន្យាក្រោមដើមផ្កាត្របែកព្រៃ គ្រប់យ៉ាងបានរលាយបាត់ទៅត្រឹមតែមួយយប់។ រិទ្ធមានអារម្មណ៍ថាដូចជាត្រូវគេក្បត់ និងបោះបង់ចោលយ៉ាងអាថ៌កំបាំងបំផុត។

«តុលា... ឯងនៅឯណា? ហេតុអ្វីធ្វើបែបនេះដាក់ខ្ញុំ?»

គ្មានសំឡេងឆ្លើយតប មានតែសំឡេងខ្យល់បក់កាត់ស្លឹកឈើ ដែលឮដូចជាសម្លេងចំអកឱ្យស្នេហាដ៏ល្ងង់ខ្លៅរបស់គេ។ ចាប់ពីថ្ងៃនោះមក រិទ្ធបានបិទបេះដូងខ្លួនឯងជិតឈឹង ហើយធ្វើដំណើរទៅភ្នំពេញម្នាក់ឯង ទាំងដែលបេះដូងត្រូវបានហែកជាចំណែកៗ។


No comments:

Post a Comment