Marquee

ទោះបីជាក្នុងជីវិតពិត អ្នកប្រហែលជាត្រូវរស់នៅដោយលាក់បាំងអត្តសញ្ញាណខ្លះ ប៉ុន្តែនៅលើទំព័រនេះ សំឡេងរបស់អ្នកមានតម្លៃ ហើយអត្ថិភាពរបស់អ្នកគឺច្បាស់លាស់បំផុត។!

Monday, March 16, 2026

វគ្គទី ៥៖ ស្រមោលរដូវរងា (ស្នាមរបួសក្រោយម៉ាស់ និងការជួបគ្នាជាថ្មី)

 វគ្គទី ៥៖ ស្នាមរបួសក្រោយម៉ាស់ និងការជួបគ្នាជាថ្មី

ភ្នំពេញក្នុងខ្សែភ្នែករបស់រិទ្ធ មិនមែនជាទីក្រុងនៃក្តីស្រមៃដូចដែលគេ និងតុលាធ្លាប់ជជែកគ្នានៅក្រោមដើមផ្កាត្របែកព្រៃនោះឡើយ។ វាគឺជាព្រៃបេតុងដ៏មមាញឹក ដែលមនុស្សម្នាក់ៗប្រញាប់ប្រញាល់រត់កាត់គ្នាដោយមិនខ្វល់ពីទុក្ខសោករបស់អ្នកដទៃ។

បួនឆ្នាំកន្លងផុតទៅ រិទ្ធបានក្លាយជាសិស្សឆ្នើមលេចធ្លោជាងគេនៅក្នុងមហាវិទ្យាល័យស្ថាបត្យកម្ម។ ប៉ុន្តែសម្រាប់មិត្តភក្តិរួមថ្នាក់ រិទ្ធប្រៀបដូចជា "ផ្ទាំងទឹកកក" ដែលគ្មានអ្នកណាអាចចូលក្បែរបាន។ គេមិនដែលចូលរួមកម្មវិធីជប់លៀង មិនដែលសើចសប្បាយនឹងរឿងកំប្លែង ហើយក៏មិនដែលបើកភ្នែកសម្លឹងមើលការសារភាពស្នេហ៍ពីស្រីស្អាតណាម្នាក់ឡើយ។

រាល់ល្ងាចថ្ងៃសៅរ៍ នៅពេលដែលមិត្តភក្តិដទៃទៀតនាំគ្នាទៅដើរលេងតាមមាត់ទន្លេ រិទ្ធតែងតែជ្រើសរើសយកការអង្គុយនៅកាច់ជ្រុងងងឹតនៃបណ្ណាល័យ ឬហាងកាហ្វេតូចមួយដែលស្ងប់ស្ងាត់។ ភ្នែករបស់គេសម្លឹងមើលក្តារគំនូរ ប៉ុន្តែដៃរបស់គេបែរជាគូសវាសតែរូបដដែលៗ គឺរូបបង្អួចកញ្ចក់ដ៏ធំដែលចាំងឆ្លុះដោយពន្លឺថ្ងៃ។ នៅក្នុងប្លង់ផ្ទះដែលគេរចនា វាតែងតែមានជ្រុងម្ខាងសម្រាប់ដាំដើមឈើដែលមានផ្កាពណ៌ផ្កាឈូក ទោះបីជាគ្រូដាក់ពិន្ទុថាវាមិនសូវស៊ីគ្នានឹងម៉ូដសម័យថ្មីក៏ដោយ។

«រិទ្ធ ហេតុអីបានជាប្លង់ផ្ទះរបស់ឯង តែងតែមានបង្អួចច្រើនម្ល៉េះ? វាមិនក្តៅទេអី?» មិត្តភក្តិម្នាក់បានសួរគេទាំងឆ្ងល់

រិទ្ធបង្អង់ខ្មៅដៃបន្តិច គេមិនឆ្លើយ តែខ្សែភ្នែករបស់គេងាកទៅសម្លឹងមើលមេឃនៅខាងក្រៅបង្អួច រួចពោលតិចៗ៖

«ព្រោះមានមនុស្សម្នាក់... គេចូលចិត្តពន្លឺ។ គេចង់ឱ្យពន្លឺចាំងចូលមកប៉ះខ្លួនគេពីគ្រប់ទិសទី»

«និយាយអ៊ីចឹង! យប់នេះពួកយើងទៅញ៉ាំអីជុំគ្នាទេ? ចប់គម្រោងធំហើយ តើឯងមិនចង់សម្រាកខ្លះទេអី?» មិត្តរបស់រិទ្ធបបួល។

«អរគុណ តែខ្ញុំមានធុរៈបន្តិច» រិទ្ធឆ្លើយសាមញ្ញ រួចក៏ប្រមូលរបស់ដាក់កាបូប។

ធុរៈរបស់រិទ្ធ គឺការទៅអង្គុយនៅហាងកាហ្វេតូចមួយក្បែរសាកលវិទ្យាល័យជារៀងរាល់ល្ងាចថ្ងៃសៅរ៍។ ហាងនោះមានឈ្មោះថា "The Promise"។ រាល់ពេលដែលមានគេដើរកាត់ហាងកាហ្វេដែលមានសម្លេងកណ្ដឹងបន្លឺឡើង "គ្រីង..." នៅមាត់ទ្វារ រិទ្ធតែងតែងាកមើលដោយមិនដឹងខ្លួន ក្នុងបំណងចង់ឃើញក្មេងប្រុសម្នាក់ដែលមានស្នាមញញឹមភ្លឺស្វាង និងមានប្រជ្រុយតូចនៅក្រោមភ្នែកខាងឆ្វេង ដើរចូលមក រួចនិយាយថា៖ «សុំទោសដែលឱ្យចាំយូរ...»

ប៉ុន្តែ ៤ ឆ្នាំមកនេះ អ្វីដែលគេទទួលបាន មានតែភាពស្ងៀមស្ងាត់ និងសម្លេងខ្យល់បក់ប៉ះមែកឈើតែប៉ុណ្ណោះ។ រិទ្ធប្រៀបដូចជាស្ថាបត្យករដែលព្យាយាមសង់ផ្ទះកញ្ចក់ដ៏ស្អាតមួយ ប៉ុន្តែម្ចាស់ផ្ទះដែលគេរង់ចាំ បែរជាបាត់ខ្លួនទៅក្នុងស្រមោលដែលគេមិនអាចតាមរកឃើញ។

ល្ងាចមួយដែលមេឃមានពពកខ្មៅស្រទុំ រិទ្ធអង្គុយក្នុងហាងកាហ្វេដដែល។ វាជាការចៃដន្យបំផុតដែលបុរសពាក់ម៉ាស់ម្នាក់ស្លៀកពាក់ជិតឈឹងដូចជាចង់លាក់ខ្លួនពីភាពរងានៃពិភពលោក។

បុរសម្នាក់នោះពាក់អាវរងាធំៗ ទោះបីជាអាកាសធាតុមិនសូវត្រជាក់ ពាក់មួកបិទជិត និងពាក់ម៉ាស់ពណ៌ខ្មៅជានិច្ច សូម្បីតែពេលផឹកទឹកក៏គេប្រើបំពង់បឺតលួចដាក់ចូលក្រោមម៉ាស់ដែរ។ ប៉ុន្តែអ្វីដែលធ្វើឱ្យបេះដូងរិទ្ធលោតខុសចង្វាក់ គឺភ្នែកម្ខាងដែលមិនត្រូវបានមួកបិទបាំង វាគឺជាភ្នែកដែលមានប្រជ្រុយតូចមួយនៅខាងក្រោម។

«តុលា...» រិទ្ធខ្សឹបក្នុងចិត្ត។ បេះដូងគេលោតញាប់ស្ទើរថប់ដង្ហើម។

រិទ្ធក្រោកឈរ រួចដើរទៅរកតុនោះយឺតៗ។ នៅពេលរិទ្ធទៅដល់ទល់មុខ បុរសម្នាក់នោះងើបមុខឡើងសម្លឹង។ មួយរំពេចនោះ ភ្នែករបស់គេបង្ហាញពីភាពស្លន់ស្លោ និងការភ័យខ្លាចជាខ្លាំង។ គេប្រញាប់ក្រោកឈរ រួចបម្រុងនឹងរត់ចេញពីហាង។

«តុលា! ឈប់សិន!» រិទ្ធស្រែក រួចស្ទុះទៅចាប់ដើមដៃបុរសនោះយ៉ាងណែន។ «ឯងមែនទេ? ឆ្លើយមក! បួនឆ្នាំមកនេះ ឯងទៅណា?»

បុរសនោះព្យាយាមគ្រវីដៃចេញ ទាំងសំឡេងញ័រៗ៖ «លោកច្រឡំមនុស្សហើយ! ខ្ញុំមិនមែនឈ្មោះតុលាទេ! លែងខ្ញុំ!»

រិទ្ធមិនព្រមលែង គេអូសបុរសនោះចេញមកក្រៅហាង ទៅកាន់ផ្លូវស្ងាត់ម្ខាង។ រិទ្ធរុញបុរសនោះទៅទល់នឹងជញ្ជាំង រួចសម្លឹងមើលទៅក្នុងភ្នែកដែលពោរពេញដោយទឹកភ្នែកនោះ។

«កុំកុហកខ្ញុំ! ភ្នែកមួយគូនេះ ខ្ញុំចាំវាមិនដែលភ្លេចទេ! ហេតុអ្វីឯងត្រូវពាក់ម៉ាស់? ហេតុអ្វីត្រូវរត់គេចពីខ្ញុំ?»

ដោយភាពអន្ទះសារលាយឡំនឹងការឈឺចាប់ រិទ្ធបានលូកដៃទៅកន្ត្រាក់ម៉ាស់របស់បុរសដែលគេសង្ស័យថាជាតុលា បុរសនោះបានងាកគេចយ៉ាងលឿន រួចរុញរិទ្ធចេញដោយកម្លាំងបម្រាស់យ៉ាងខ្លាំង។

«កុំប៉ះខ្ញុំ! ទៅឱ្យឆ្ងាយ!» សម្លេងនោះស្អកៗ តែរិទ្ធស្គាល់ច្បាស់ថាជាសម្លេងដែលគេនឹកបំផុត។

តុលា បានរត់ចេញបាត់ចូលទៅក្នុងហ្វូងមនុស្សនាពេលរាត្រី។ រិទ្ធមិនបោះបង់ គេបានដេញតាមពីក្រោយ ប៉ុន្តែតុលាបានបាត់ដាននៅក្នុងច្រកឌឿងហែមតូចៗ។ ទោះជាយ៉ាងណាក៏ដោយ រិទ្ធមិនមែនជារិទ្ធកាលពី ៤ ឆ្នាំមុនឡើយ។ ដោយមានជំនួយពីមិត្តភក្តិ និងការស៊ើបសួរតាមរយៈរូបថតដែលគេលួចថតបាន រិទ្ធក៏រកឃើញកន្លែងស្នាក់នៅរបស់តុលាវាជាបន្ទប់ជួលតូចមួយនៅជាន់ទី ៤ នៃអគារស្នាក់នៅដ៏សែនស្ងប់ស្ងាត់ម្ខាងក្រុង។

ស្អែកឡើង រិទ្ធបានទៅដល់មុខបន្ទប់នោះ។ ទ្វារមិនបានចាក់សោរឡើយ ហាក់ដូចជាម្ចាស់បន្ទប់ទើបតែចេញទៅទិញអ្វីម្យ៉ាង។ រិទ្ធរុញទ្វារចូលយឺតៗ... រួចគេក៏ត្រូវគាំងនៅមួយកន្លែង កែវភ្នែកចាប់ផ្តើមក្រហមបៀមដោយទឹកភ្នែករៀបនឹងស្រក់។

បន្ទប់នោះតូចចង្អៀត និងមានក្លិនក្រអូបភាយនៃផ្កាត្របែកព្រៃ ប៉ុន្តែអ្វីដែលធ្វើឱ្យរិទ្ធរំជួលចិត្តបំផុត គឺជញ្ជាំងបន្ទប់។ នៅលើជញ្ជាំងនោះ មានបិទសុទ្ធតែជារូបថតសកម្មភាពរបស់រិទ្ធក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ។

រូបថតរិទ្ធពេលឡើងទទួលពានរង្វាន់នៅសាលា។

រូបថតរិទ្ធអង្គុយម្នាក់ឯងក្នុងហាងកាហ្វេ។

សូម្បីតែកាសែតដែលចុះផ្សាយពីស្នាដៃរចនារបស់រិទ្ធ ក៏ត្រូវបានកាត់មកបិទយ៉ាងស្អាត។

នៅលើតុឈើចាស់ មានសៀវភៅកំណត់ហេតុមួយក្បាលដែលបើកចំហរចោល។ រិទ្ធលើកវាមកអានទាំងដៃញាប់ញ័រ៖

"ថ្ងៃទី ១២ ខែធ្នូ ២០១១៖ ថ្ងៃនេះបានឃើញរិទ្ធម្តងទៀតនៅបណ្ណាល័យ។ គេមើលទៅហាក់ដូចជាមិនសូវសប្បាយចិត្តសោះ ខ្សែភ្នែកគេនៅតែឯកោដូចកាលពីយើងជួបគ្នាដំបូង។ ខ្ញុំចង់ស្ទុះទៅអោបគេ លួងលោមគេ តែគ្រាន់តែឃើញមុខខ្លួនឯងក្នុងកញ្ចក់ ខ្ញុំក៏ដឹងខ្លួនថា ខ្ញុំលែងស័ក្តិសមនឹងឈរក្បែរគេទៀតហើយ។ ឲ្យសុំទោសណារិទ្ធ ដែលខ្ញុំមិនអាចមើលថែឯងបានតាមពាក្យសន្យា។"

 

"ថ្ងៃទី ២០ ខែមករា ២០១២៖ ភ្នំពេញចាប់ផ្ដើមរងារខ្លាំងហើយ។ ខ្ញុំសង្ឃឹមថាអាវរងារនេះនឹងជួយឲ្យឯងកក់ក្ដៅជំនួសខ្ញុំណា!"

 

"ថ្ងៃទី ១៥ ខែឧសភា ២០១២៖ ខាងសាលាផ្ញើលិខិតព្រមានមកខ្ញុំ ២ ដងហើយ តែ... រិទ្ធ... អនាគតឯងត្រូវតែភ្លឺស្វាងជាងខ្ញុំ។ ខ្ញុំមិនអាចមើលឃើញឯងត្រូវព្យួរការសិក្សាទេ ទោះបីជាខ្ញុំត្រូវប្រើប្រាស់ប្រាក់សន្សំចុងក្រោយក៏ដោយ។ ឯងត្រូវតែរៀនឱ្យចប់ដើម្បីក្តីស្រមៃរបស់ឯងណា!"

 

ថ្ងៃទី ២០ កក្កដា ២០១៣៖ មិត្តសម្លាញ់របស់ខ្ញុំពូកែណាស់! ថ្ងៃនេះគេបានឡើងថ្លែងសុន្ទរកថាទទួលពានរង្វាន់នៅមុខសាលាទៀតផង។ រិទ្ធ... ត្រឹមតែបានឈរលួចមើលឯងជោគជ័យពីចម្ងាយ ក្បែររបងសាលាបែបនេះ ក៏ខ្ញុំមានក្ដីសុខណាស់ទៅហើយ។ សូមឱ្យពន្លឺរបស់ឯងកាន់តែភ្លឺស្វាង ហើយសូមឱ្យឯងមានក្ដីសុខបែបនេះរហូតទៅ... ទោះជាគ្មានខ្ញុំនៅក្បែរក៏ដោយ។"

រិទ្ធអានបណ្ដើរ ទឹកភ្នែកស្រក់មកបណ្ដើរតក់លើក្រដាសកំណត់ហេតុ។ គេងើបមុខឡើងទាំងញ័រទ្រូង រួចក៏ក្រលៀសភ្នែកទៅកាន់តុឈើតូចមួយនៅក្បាលគ្រែ ដែលពោរពេញដោយក្រដាស Note តូចៗបិទជារញ៉េរញ៉ៃ។ ប៉ុន្តែអ្វីដែលធ្វើឱ្យបេះដូងរិទ្ធស្ទើរតែលោតចេញមកក្រៅ គឺវត្ថុមួយដែលត្រូវបានគេដាក់តាំងក្នុងកែវកញ្ចក់យ៉ាងស្អាត និងមានរបៀបបំផុត។

វាគឺជា "ខ្សែដៃផ្កាត្របែកព្រៃ" ដែលគេធ្លាប់ក្រងឱ្យតុលាកាលពី ៤ឆ្នាំមុន។ ទោះបីជាពេលនេះវាមានសភាពស្ងួតក្រៀមពណ៌ត្នោត ដែលគ្មានជីវិតទៅហើយក្ដី តែវាត្រូវបានតុលាថែរក្សាយ៉ាងដិតដល់បំផុត មិនឱ្យមានធូលីដីសូម្បីតែបន្តិច។ នៅក្នុងកែវនោះ មានក្រដាស Note ពណ៌លឿងស្រទន់មួយ ដែលសរសេរដោយដៃញ័រៗថា៖ ខ្ញុំនឹងតាមថែឯងដូចខ្សែរដៃនេះដែរ...រិទ្ធ

រំពេចនោះ សំឡេងថង់អីវ៉ាន់ជ្រុះ "ផ្លុប" បន្លឺឡើងនៅមាត់ទ្វារ។ តុលាឈរនៅទីនោះ ទាំងគ្មានម៉ាស់បិទបាំង។ ផ្ទៃមុខដែលមានស្នាមរលាកបង្ហាញឱ្យឃើញយ៉ាងច្បាស់ក្រោមពន្លឺអំពូលភ្លើង។ តុលាមានភាពស្លន់ស្លោ និងខ្មាសអៀនបំផុត គេព្យាយាមងាកមុខចេញ តែរិទ្ធបានស្ទុះទៅអោបគេពីក្រោយយ៉ាងណែន។

«ហេតុអ្វី... ហេតុអ្វីឯងធ្វើបែបនេះ?» រិទ្ធយំខ្សឹកខ្សួលលើខ្នងតុលា។ «ឯងនៅក្បែរខ្ញុំរាល់ថ្ងៃ ឯងតាមដានខ្ញុំគ្រប់ជំហាន តែហេតុអ្វីឯងទុកឱ្យខ្ញុំរស់នៅក្នុងភាពឯកោអស់ ៤ ឆ្នាំ? ឯងដឹងទេថា ការដែលឯងបាត់ខ្លួនដោយមិនប្រាប់ហេតុផល វាឈឺចាប់ជាងឃើញមុខឯងបែបនេះរាប់ពាន់ដង!»

តុលាទម្លាក់ខ្លួនចុះដីទាំងកម្លាំងដែលធ្លាប់មានបានរលាយអស់។

«រិទ្ធ... ខ្ញុំខ្លាច។ ខ្ញុំខ្លាចថាបើឯងឃើញខ្ញុំក្នុងសភាពបែបនេះ ឯងនឹងអាណិតខ្ញុំ ច្រើនជាងស្រឡាញ់ខ្ញុំ។ ខ្ញុំមិនចង់ឱ្យឯងជាប់ជំពាក់នឹងមនុស្សដែលគ្មានអនាគតដូចខ្ញុំទេ...» តុលានិយាយទាំងអួលដើមករួចងាកមុខចេញ។

«មនុស្សគ្មានអនាគតមែនទេ?» រិទ្ធសួរដេញដោលទាំងសំឡេងខ្សឹកខ្សួល ទឹកភ្នែករមៀលស្រក់ចុះមកគ្មានដាច់។

«ឯងគិតថាខ្ញុំនឹងមានអនាគតមែនទេ ប្រសិនបើគ្មានលុយដែលឯងខំសន្សំទុកសម្រាប់ខ្លួនឯង យកទៅបង់ថ្លៃសាលាឱ្យខ្ញុំនៅថ្ងៃនោះ? ឯងបោះបង់អនាគតខ្លួនឯងដើម្បីខ្ញុំ... ចុះហេតុអ្វីឯងគិតថាអនាគតរបស់ខ្ញុំ អាចមានន័យបើគ្មានឯង?»

រិទ្ធបែរតុលាមកវិញ រួចប្រើដៃទាំងពីរចាប់ផ្ទៃមុខដែលមានស្នាមរបួសនោះថ្នមៗ ហាក់ដូចជាកំពុងកាន់វត្ថុដ៏មានតម្លៃបំផុត រួចសម្លឹងមើលទៅក្នុងភ្នែកដែលពោរពេញដោយភាពស្មោះត្រង់របស់តុលា។

«ស្តាប់ខ្ញុំណាតុលា! គ្មានអ្នកណាមានអនាគតសម្រាប់ខ្ញុំ ក្រៅពីឯងឡើយ។ បន្ទប់នេះ រូបថតទាំងនេះ និងកំណត់ហេតុទាំងនេះ បានប្រាប់ខ្ញុំអស់ហើយថា បេះដូងឯងមិនដែលចាកចេញពីខ្ញុំឡើយ។ ឈប់រត់ទៅ តុលា... ត្រលប់មកសង់ផ្ទះកញ្ចក់ជាមួយខ្ញុំវិញមក»

តុលាយំយែកឱបក្រសោបរិទ្ធវិញដោយក្ដីនឹករលឹក។ ភាពត្រជាក់ក្នុងបន្ទប់ជួលតូចចង្អៀត ស្រាប់តែរលាយបាត់ទៅជំនួសដោយភាពកក់ក្តៅនៃស្នេហាដែលបានរង់ចាំអស់រយៈពេលយ៉ាងយូរ។

No comments:

Post a Comment