មេឃរដូវរងានៅភ្នំពេញចាប់ផ្ដើមធ្លាក់ខ្យល់ត្រជាក់បោកបក់មកលើជញ្ជាំងកញ្ចក់ ប៉ុន្តែនៅខាងក្នុងផ្ទះវិញ បែរជាពោរពេញដោយភាពកក់ក្ដៅ។ ពន្លឺព្រះអាទិត្យនាពេលព្រឹកព្រលឹម ចាំងឆ្លុះកាត់ជញ្ជាំងកញ្ចក់ដ៏ធំល្វឹងល្វើយ ធ្វើឱ្យផ្ទះទាំងមូលមានសភាពភ្លឺស្វាងត្រកាល គ្មានជ្រុងងងឹតណាមួយសម្រាប់ឱ្យភាពឯកោលាក់ខ្លួនបានទៀតឡើយ។ នៅកណ្តាលផ្ទះ ដើមឈើធំមួយដើមដុះលូតលាស់យ៉ាងត្រដែត ធ្លុះឡើងទៅលើដំបូលកញ្ចក់ដែលបើកចំហឱ្យឃើញមេឃពណ៌ខៀវស្រឡះ ដូចជាសរសរទ្រូងនៃជីវិតថ្មីដែលពោរពេញដោយភាពស្មោះត្រង់។
រិទ្ធ ឈរនៅតុគំនូររបស់គេ ដែលស្ថិតនៅចំកណ្តាលពន្លឺថ្ងៃ។
គេកំពុងគូររូបដោយភាពជឿជាក់ មុននឹងមានអារម្មណ៍ថាមានដៃមួយគូមកអោបចង្កេះគេពីក្រោយ។
«រិទ្ធ... ចាំបានទេ កាលពី ១០
ឆ្នាំមុន? ឯងធ្លាប់សន្យាថា
បើឯងក្លាយជាស្ថាបត្យករល្បី ឯងនឹងសង់ផ្ទះកញ្ចក់ឱ្យខ្ញុំ» តុលា ខ្សឹបប្រាប់ទាំងស្នាមញញឹម
ខណៈផ្អែកមុខនឹងខ្នងរបស់រិទ្ធ។
រិទ្ធដាក់ជក់ចុះ រួចងាកមកក្រសោបអោបតុលាវិញ។ «ខ្ញុំមិនដែលភ្លេចសូម្បីតែមួយម៉ាត់។
ផ្ទះដែលគ្មានជញ្ជាំងបិទបាំង
ផ្ទះដែលបង្ខំឱ្យខ្ញុំត្រូវចេញពីស្រមោលមកជួបនឹងពន្លឺថ្ងៃជាមួយឯង។ តុលា...
អរគុណដែលឯងឱ្យខ្ញុំសន្យាបែបនេះ បើគ្មានក្តីស្រមៃរបស់ឯងទេ
ខ្ញុំប្រហែលជានៅតែជារិទ្ធដែលលាក់ខ្លួនក្នុងភាពងងឹត មិនហ៊ានបង្ហាញខ្លួនឱ្យពិភពលោកឃើញឡើយ»។
តុលាងើបមុខសម្លឹងមើលជុំវិញផ្ទះដែលពោរពេញដោយពន្លឺ «ឥឡូវនេះ
ឯងលែងមានកន្លែងលាក់ខ្លួនទៀតហើយណា រិទ្ធ។ នៅគ្រប់ទីកន្លែងក្នុងផ្ទះនេះ គឺមានតែពន្លឺ
និងភាពចំហ»។
«មែនហើយ...
ព្រោះខ្ញុំចង់ឱ្យឯងឃើញខ្ញុំឱ្យច្បាស់គ្រប់ពេល
ហើយខ្ញុំក៏ចង់ឃើញឯងរស់នៅក្នុងពន្លឺដែលឯងស្រឡាញ់ដូចគ្នា» រិទ្ធតបវិញ
រួចកាន់ដៃតុលាដើរចេញទៅកាន់សួនច្បារខាងក្រោយផ្ទះ។
នៅទីនោះ
បរិយាកាសកាន់តែត្រជាក់ស្រទន់តាមបែបខ្យល់រដូវរងាដែលបក់មកល្វើយៗ។ នៅចំកណ្តាលសួនច្បារ
មានដើមឈើមួយដើមដែលពួកគេទាំងពីរបានរួមគ្នាដាំតាំងពីថ្ងៃដំបូងដែលចូលមករស់នៅ។ វាគឺជា ដើមផ្កាត្របែកព្រៃ
ដែលឥឡូវនេះកំពុងរីកផ្កាពណ៌ផ្កាឈូកស្រាលៗរោយពេញដី
ដូចជាការវិលត្រលប់នៃពេលវេលាកាលពីវ័យវិទ្យាល័យ។
ពួកគេអង្គុយចុះនៅលើបង់ឈើក្រោមដើមផ្កានោះ។ ខ្យល់បក់មកប៉ះកាយយ៉ាងត្រជាក់ស្រួល
នាំយកក្លិនក្រអូបប្រហើរនៃផ្កាត្របែកព្រៃដែលពួកគេនឹករលឹកបំផុត។
«រិទ្ធ...
ពេលខ្លះខ្ញុំមានអារម្មណ៍ដូចជាយល់សប្តិ» តុលានិយាយទាំងផ្អែកក្បាលលើស្មារិទ្ធ។ «ពីមុន
ខ្ញុំគិតថាខ្ញុំត្រូវរស់ក្នុងស្រមោលម្នាក់ឯងពេញមួយជីវិតទៅហើយ។ មិននឹកស្មានថា
ថ្ងៃនេះយើងអាចមកអង្គុយក្រោមដើមផ្កាត្របែកព្រៃជាមួយគ្នា
ក្នុងផ្ទះដែលយើងធ្លាប់ស្រមៃចង់បានបែបនេះសោះ»។
រិទ្ធអង្អែលសក់តុលាថ្នមៗ រួចទាញប្រអប់ចិញ្ចៀនតូចមួយចេញពីហោប៉ៅ។
ចិញ្ចៀនប្រាក់ដែលមានឆ្លាក់រូបស្លឹកត្របែកព្រៃតូចមួយ ចាំងឆ្លុះនឹងពន្លឺថ្ងៃ។
«តុលា... ៤ ឆ្នាំដែលឯងបាត់ខ្លួន
គឺជារដូវរងាដ៏វែងឆ្ងាយសម្រាប់ខ្ញុំ។ តែចាប់ពីពេលនេះទៅ ខ្ញុំសន្យាថា
នឹងមិនឱ្យអ្នកណាមកធ្វើបាប ឬបង្ខំឱ្យឯងត្រូវរស់ក្នុងភាពងងឹតទៀតឡើយ។
តើឯងព្រមរស់នៅក្នុងផ្ទះកញ្ចក់នេះជាមួយខ្ញុំ ក្នុងនាមជាគូជីវិតរហូតទៅទេ?»
តុលាយំខ្សឹកខ្សួលដោយភាពរំភើប គេងក់ក្បាលយ៉ាងញាប់
រួចហុចដៃឱ្យរិទ្ធបំពាក់ចិញ្ចៀនឱ្យ។ «ព្រម... ខ្ញុំព្រមជានិច្ច រិទ្ធ! ទោះមានរឿងអ្វីកើតឡើង
ក៏ខ្ញុំមិនលែងដៃឯងទៀតដែរ»។
ពួកគេអោបគ្នា ក្រោមម្លប់នៃដើមផ្កាត្របែកព្រៃ។
ផ្កាពណ៌ផ្កាឈូកស្រាលៗបានជ្រុះរោយមកលើស្មារបស់ពួកគេ
ដូចជាការប្រសិទ្ធពរជ័យដល់ស្នេហាដែលបានឆ្លងកាត់ភ្លើង
និងព្យុះភ្លៀងរហូតដល់ទទួលបានពន្លឺថ្ងៃនាពេលព្រឹក។ សន្យាកាលពីវ័យយុវវ័យ
ឥឡូវនេះបានក្លាយជាការពិតដ៏រឹងមាំ ក្នុងផ្ទះដែលគ្មានអាថ៌កំបាំង
និងមានតែសេចក្តីសុខជានិរន្តរ៍។
ចប់
No comments:
Post a Comment