Page

Friday, April 10, 2026

[Confession]៖ ជាហ្គេយ៍ ក្នុងអាពាហ៍ពិពាហ៍បិទបាំង

 

សួស្ដី Admin និងមិត្តទាំងអស់គ្នា! ថ្ងៃនេះខ្ញុំមានរឿងរ៉ាវដ៏ឈឺចាប់មួយដែលលាក់ទុកក្នុងចិត្តជាច្រើនឆ្នាំចង់ចែករំលែក។ 

ខ្ញុំដឹងខ្លួនឯងថាជា Gay តាំងពីអាយុ ៨ ឆ្នាំមកម៉្លេះ ។ រហូតមកដល់វ័យ ៣០ ជាង ខ្ញុំមិនដែលហើបមាត់ប្រាប់ការពិតដល់គ្រួសារឡើយ ព្រោះតែភាពភ័យខ្លាចថាពួកគាត់នឹងខឹងសម្បារ និងខ្លាចរងការរើសអើងពីមនុស្សជុំវិញខ្លួន។ ដោយសារតែការមិនក្លាហានបង្ហាញអត្តសញ្ញាណពិតនេះហើយ ទើបគ្រួសាររបស់ខ្ញុំតែងតែព្យាយាមផ្សំផ្គុំខ្ញុំជាមួយអ្នកនេះអ្នកនោះជាហូរហែ។ រហូតដល់អាយុ ៣៨ ឆ្នាំ កាលពីឆ្នាំមុន ខ្ញុំមានអារម្មណ៍ថាគេចវេសលែងបានទៀតហើយ។ ខ្ញុំក៏បានសម្រេចចិត្តយល់ព្រមតាមការផ្សំផ្គុំរបស់ពួកគាត់ ដោយរៀបការជាមួយប្អូនស្រីជីទួតមួយទាំងបង្ខំចិត្ត។ ក្រោយរៀបការរួច ជីវិតប្ដីប្រពន្ធរបស់ខ្ញុំប្រៀបដូចជាការសម្ដែងមួយដែលគ្មានពន្លឺទាល់តែសោះ ព្រោះខ្ញុំគ្មានអារម្មណ៍ផ្លូវភេទជាមួយប្រពន្ធសូម្បីតែបន្តិច ។ ដើម្បីបំពេញតួនាទីជាប្ដីឱ្យបានចប់ចុងចប់ដើម ខ្ញុំត្រូវបង្ខំចិត្តលេបថ្នាំជំនួយ (Viagra) និងលួចមើលរឿងអាសអាភាសបែប Gay ក្នុងបន្ទប់ទឹក រួចទើបចេញមកមានអារម្មណ៍រួមដំណេកជាមួយនាងបាន។

ការរស់នៅក្រោមសម្ពាធនៃការលាក់បាំងចំណង់ពិតប្រាកដជារៀងរាល់ថ្ងៃ បានរុញច្រានខ្ញុំឱ្យធ្លាក់ចូលក្នុងជំងឺបាក់ទឹកចិត្ត (Bi-polar) យ៉ាងធ្ងន់ធ្ងរ។ ខ្ញុំធ្លាប់អស់សង្ឃឹមរហូតដល់ប៉ុនប៉ងសម្លាប់ខ្លួនក៏មាន។ បន្ថែមលើសពីនេះ ខ្ញុំក៏មានជំងឺបេះដូងលោតខុសចង្វាក់ ដែលវាឧស្សាហ៍កើតឡើងផ្ទួនៗ ធ្វើឱ្យស្ថានភាពផ្លូវចិត្ត និងផ្លូវកាយរបស់ខ្ញុំកាន់តែដុនដាបខ្លាំងឡើង។

កាលពីម្សិលមិញ ខ្ញុំបានដាច់ចិត្តទៅជួបគ្រូពេទ្យ និងទម្លាយរឿងរ៉ាវពិតគ្រប់យ៉ាងដែលខ្ញុំបានលាក់ទុកជាច្រើនឆ្នាំមកនេះ។ បន្ទាប់ពីស្ដាប់រឿងរបស់ខ្ញុំរួច គ្រូពេទ្យបានផ្ដល់យោបល់ឱ្យខ្ញុំគួរតែចាកចេញពីស្ថានភាពនេះ ប្រសិនបើខ្ញុំមិនអាចបន្តរស់នៅបែបនេះតទៅទៀតបាន។

ខ្ញុំពិតជាចង់ប្រាប់ការពិតដល់អ្នកគ្រប់គ្នាឱ្យបានដឹង ដើម្បីបញ្ចប់ការសម្ដែងដ៏ឈឺចាប់នេះ តែខ្ញុំនៅតែមិនទាន់មានភាពក្លាហានគ្រប់គ្រាន់នៅឡើយ។ គិតពីវាម្ដងៗខ្ញុំចង់តែបាត់ខ្លួនពីលោកនេះទេ។ តើខ្ញុំគួរធ្វើបែបណាទៀតទៅ?


No comments:

Post a Comment