Page

Monday, April 13, 2026

[រឿងប្រលោមលោក]៖ ក្រដាស ស | ភាគទី៣

ភាគទី ៣៖ ស្រមោលនៃកេរ្តិ៍ឈ្មោះ

ព្រឹកថ្ងៃអាទិត្យដែលនរាមិនប្រាថ្នាចង់ឱ្យមកដល់ ក៏បានឈានចូលមកដល់។ ក្នុងបន្ទប់ដេកដែលស្ងាត់ជ្រងំ នរាឈរនៅមុខកញ្ចក់ សម្លឹងមើលខ្លួនឯងក្នុងឈុតអាវធំពណ៌ទឹកប៊ិចចាស់។ ដៃរបស់គេញ័រតិចៗពេលកំពុងចងក្រវាត់ក។ ថ្ងៃនេះគេត្រូវទៅផ្ទះរស្មីជាផ្លូវការ ដើម្បីឱ្យចាស់ទុំទាំងសងខាងជជែកគ្នាពីរឿងភ្ជាប់ពាក្យ។

«នរា! រួចរាល់ហើយឬនៅកូន? ប៉ាចាំយូរហើយ!» សំឡេងលោកសុខុមស្រែកហៅពីខាងក្រោម ហាក់ដូចជាបញ្ជាឱ្យគេប្រញាប់ទៅរកគុកដែលគេមិនចង់ចូល។

នរាដកដង្ហើមធំ រួចលូកដៃទៅក្នុងហោប៉ៅអាវធំ។ គេប៉ះចំផ្កាក្រដាសដែលភូមិបត់ឱ្យកាលពីម្សិលមិញ។ ភាពរឹងមាំបន្តិចបន្តួចបានកើតមានឡើង។ គេខ្សឹបប្រាប់ខ្លួនឯងថា៖ «គ្រាន់តែសម្តែងឱ្យចប់ថ្ងៃនេះទៅ... គ្មានអីត្រូវខ្លាចទេ»

នៅផ្ទះរបស់រស្មី បរិយាកាសមើលទៅអធិកអធមណាស់។ លោកប៉ារបស់រស្មីដែលជាមិត្តភក្តិចាស់របស់លោកសុខុម បានរៀបចំម្ហូបអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់។

«អូ! មកដល់ហើយ ក្មួយនរា!» លោកពុករបស់រស្មីស្ទុះមកចាប់ដៃនរាទាំងញញឹមរីករាយ។ «មើលចុះ កាន់តែធំកាន់តែសង្ហា ស័ក្តិសមជាមួយកូនស្រីពុកណាស់»

នរាញញឹមតាមទម្លាប់៖ «បាទ អរគុណលោកពុក»

រស្មីដើរចេញមកក្នុងឈុតរ៉ូបពណ៌ផ្កាឈូកស្រទន់ នាងមើលទៅស្អាតប្លែក តែសម្រាប់នរា នាងប្រៀបដូចជាប្អូនស្រីម្នាក់ច្រើនជាង។ នាងសម្លឹងមើលនរាដោយកែវភ្នែកពោរពេញដោយក្ដីសង្ឃឹម ដែលធ្វើឱ្យនរាកាន់តែមានអារម្មណ៍ខុស។

ខណៈពេលកំពុងញ៉ាំបាយ លោកសុខុមបានចាប់ផ្ដើមបើកប្រធានបទដែលនរាខ្លាចបំផុត៖ «សម្លាញ់... ខ្ញុំថាពួកក្មេងៗវាមើលទៅសមគ្នាណាស់។ បើមិនមានអីទាស់ខុសទេ ខែក្រោយយើងរៀបចំពិធីភ្ជាប់ពាក្យឱ្យពួកវាទៅ ដើម្បីកុំឱ្យអ្នកក្រៅគេនិយាយដើមថាគ្រួសារយើងទុកកូនឱ្យនៅកំលោះក្រមុំយូរពេក»

នរាស្ទើរតែស្លាក់បាយ។ គេងើបមុខសម្លឹងមើលប៉ា តែត្រូវជួបនឹងកែវភ្នែកដ៏ម៉ឺងម៉ាត់ដែលប្រាប់ថា "ហាមបដិសេធ"។

រស្មីអៀនប្រៀនឱនមុខចុះ រួចងាកមកសួរនរា៖ «ចុះនរា... អ្នកគិតយ៉ាងម៉េចដែរ?»

មាត់របស់នរាហាក់ដូចជាត្រូវគេដេរជាប់។ ក្នុងចិត្តគេចង់ស្រែកថា "ខ្ញុំមិនអាចរៀបការជាមួយអ្នកបានទេ!" តែអ្វីដែលចេញមកពិតប្រាកដគឺ៖ «បាទ... ស្រេចតែចាស់ទុំលោកគិតគូរចុះ»

ក្រោយពេលបាយរួច រស្មីនាំនរាទៅអង្គុយលេងក្នុងសួនផ្កាខាងក្រោយផ្ទះ។ «នរា... ខ្ញុំដឹងថាលោកប្រហែលជាមានអារម្មណ៍ថាបង្ខំ» រស្មីនិយាយទាំងសំឡេងស្រទន់ «តែខ្ញុំពិតជាស្រឡាញ់លោក។ បើលោកផ្ដល់ឱកាសឱ្យខ្ញុំ ខ្ញុំជឿថាថ្ងៃណាមួយលោកនឹងស្រឡាញ់ខ្ញុំវិញ»

នរាសម្លឹងមើលផ្កាកុលាបក្នុងសួន តែក្នុងចិត្តគេបែរជានឹកឃើញដល់ស្នាមញញឹមរបស់ភូមិ និងផ្កាក្រដាសសាមញ្ញមួយនោះទៅវិញ។ គេមានអារម្មណ៍ថាខ្លួនឯងកំពុងកុហកមនុស្សស្រីដ៏ល្អម្នាក់នេះយ៉ាងធ្ងន់ធ្ងរ។

«រស្មី... ខ្ញុំជាមនុស្សមិនសូវពូកែនិយាយទេ» នរាតបទាំងគេចវេស «ខ្ញុំខ្លាចធ្វើឱ្យនាងខកបំណង»

ពេលត្រឡប់មកពីផ្ទះរស្មីវិញ លោកសុខុមឱ្យនរាឈប់ម៉ូតូនៅផ្សារក្បែរផ្ទះដើម្បីទិញផ្លែឈើ។ នរាដើរចូលក្នុងផ្សារទាំងអារម្មណ៍វឹកវរ។ ស្រាប់តែគេបានជួបនឹង អ៊ំសុខា អ្នកជិតខាងមាត់ដាច់។

«អូ! លោកគ្រូនរា! ទៅណាមកណាស្អាតបាតម្ល៉េះ?» គាត់សួរទាំងញញឹមបង្កប់ល្បិច។ «បាទ ទៅផ្ទះមិត្តភក្តិបន្តិចអ៊ំ» នរាតបខ្លីៗ រួចប្រញាប់ដើរចេញ។

តែអ្វីដែលធ្វើឱ្យនរាស្ទើរតែឈប់ដកដង្ហើម គឺគេឃើញ ភូមិ កំពុងឈរទិញកាហ្វេនៅក្បែរនោះដែរ។ ភូមិឃើញនរា ក៏ញញឹមរួចលើកដៃបក់ហៅ៖ «នរា!»

អ៊ំសុខាងាកទៅមើលភូមិ រួចងាកមកមើលនរាវិញដោយភ្នែកសង្ស័យ៖ «ក្មួយស្គាល់ម្នាក់សក់វែងហ្នឹងដែរមែនទេ? មើលទៅដូចមិនមែនអ្នករៀបរយដូចក្មួយសោះ»

នរាភ័យឡើងស្លេកមុខ គេប្រញាប់ដើរទៅរកភូមិ រួចខ្សឹបប្រាប់ថា៖ «កុំហៅឈ្មោះខ្ញុំនៅទីនេះ... សូមអង្វរ!»

ភូមិមើលឃើញភាពស្លន់ស្លោក្នុងភ្នែកនរា គេក៏ងក់ក្បាលយល់ព្រម រួចដើរចេញពីផ្សារទៅកាន់ហាងកាហ្វេតូចរបស់គេ។ នរាដើរតាមពីក្រោយទាំងអារម្មណ៍ខ្លាចអ្នកជិតខាងឃើញ។

«មានរឿងអី នរា? ហេតុអីបានជាឯងភ័យដល់ថ្នាក់ហ្នឹង?» ភូមិសួរពេលចូលដល់ក្នុងហាង។

«ប៉ារបស់ខ្ញុំ... គាត់ទើបតែបង្ខំឱ្យខ្ញុំភ្ជាប់ពាក្យជាមួយរស្មីខែក្រោយនេះហើយ» នរានិយាយទាំងសំឡេងអួល។ «ហើយអ៊ំសុខាអ្នកជិតខាងមិញហ្នឹង... គាត់ពូកែនិយាយដើមណាស់ បើគាត់ឃើញខ្ញុំស្និទ្ធស្នាលជាមួយេង គាត់ប្រាកដជាទៅប្រាប់ប៉ាខ្ញុំមិនខាន»

ភូមិដកដង្ហើមធំ គេដើរមកជិតនរា រួចដាក់ដៃលើស្មា៖ «នរា... ឯងមិនអាចរស់នៅក្រោមខ្សែភ្នែកអ្នកដទៃរហូតទេ»

«តែខ្ញុំគ្មានជម្រើស!» នរាស្រែកឡើងទាំងឈឺចាប់ «ឯងមិនដឹងទេថា បើប៉ាខ្ញុំដឹងការពិត គាត់នឹងធ្វើអីខ្លះ។ គាត់អាចនឹងដេញខ្ញុំចេញពីផ្ទះ គាត់អាចនឹងធ្វើឱ្យខ្ញុំបាត់បង់ការងារ... ខ្ញុំខ្លាចណាភូមិ! ខ្ញុំខ្លាចគ្រប់យ៉ាង!»

ភូមិមិននិយាយអ្វីទៀតទេ គេគ្រាន់តែទាញនរាមកឱបថ្នមៗ។ វាជាការឱបដែលនរាមិនធ្លាប់ទទួលបានពីឪពុកម្តាយ ឬអ្នកណាម្នាក់ឡើយ។ វាកក់ក្ដៅ តែវាធ្វើឱ្យនរាកាន់តែខ្លាច... ខ្លាចថាក្ដីសុខមួយនេះនឹងរលាយបាត់ទៅវិញ។

ខណៈពេលកំពុងនៅក្នុងហាង នរាស្រាប់តែឃើញបុរសម្នាក់ដើរកាត់មុខហាង។ បុរសនោះមានមុខមាត់ស្រដៀងនឹង វិទ្យា មិត្តភក្តិដែលធ្លាប់ធ្វើបាបគេកាលពីវិទ្យាល័យ។ នរាប្រញាប់រុញភូមិចេញភ្លាមៗទាំងតក់ស្លុត។

«កើតអី នរា?» ភូមិសួរទាំងងឿងឆ្ងល់។

«ខ្ញុំ... ខ្ញុំត្រូវទៅផ្ទះវិញហើយ» នរានិយាយទាំងញ័រខ្លួន។ ការចងចាំកាលពីគ្រានោះ ពេលដែលគ្រប់គ្នាស្រែកជេរគេថា "អាខ្ទើយ" បានវិលត្រឡប់មកវិញដូចជារូបភាពក្នុងកុន។

នរាត្រឡប់មកដល់ផ្ទះវិញឃើញលោកសុខុមឈរចាំនៅមាត់ទ្វារ។ «ទៅទិញផ្លែឈើអីក៏យូរម្ល៉េះ? ឬមួយក៏លួចទៅជួបអ្នកណា?» ប៉ាសួរដោយសំឡេងសង្ស័យខ្លាំង។

«គឺ... គឺមានមនុស្សច្រើនពេកប៉ា ទម្រាំតែបានទិញរួច» នរាកុហកទាំងបែកញើសថ្ងាស។

ប៉ាសម្លឹងមើលនរាពីក្បាលដល់ចុងជើង រួចនិយាយត្រជាក់ៗ៖ «ចាំទុក... ឯងជាគ្រូបង្រៀន ជាកូនអ្នកមានកេរ្តិ៍ឈ្មោះ។ កុំធ្វើអីឱ្យប៉ាខ្មាសអ្នកភូមិឱ្យសោះ»

យប់នោះ នរាអង្គុយលើគ្រែ ក្នុងដៃកាន់ផ្កាក្រដាសដែលភូមិឱ្យ។ ទឹកភ្នែករបស់គេស្រក់មកលើផ្កានោះ រហូតធ្វើឱ្យក្រដាសពណ៌សទៅជាសើមជោក។

គេដឹងថា ពិធីភ្ជាប់ពាក្យនឹងមកដល់ក្នុងពេលឆាប់ៗ។ គេដឹងថា របាំងមុខរបស់គេកាន់តែធ្ងន់ទៅៗ។ តែគេក៏ដឹងថា បេះដូងរបស់គេមិនអាចឈប់គិតដល់ភូមិបានឡើយ។

នរាដេកឱបផ្កាក្រដាសនោះ រួចខ្សឹបតិចៗ៖ «តើខ្ញុំត្រូវធ្វើបែបណា... ដើម្បីឱ្យខ្ញុំអាចរស់នៅជាមនុស្សធម្មតាម្នាក់បាន?»

ភាពស្ងប់ស្ងាត់នៃរាត្រីគ្មានចម្លើយឱ្យគេឡើយ មានតែសំឡេងខ្យល់បក់កាត់បង្អួចដែលដូចជាសំឡេងខ្សឹបយំរបស់គេតែប៉ុណ្ណោះ។


No comments:

Post a Comment