ភ្នំពេញ ម៉ោង ៣០ តុលា ២០១៧
ម៉ោង ១១:៥០ នាទីយប់
រៀងរាល់យប់ថ្ងៃសុក្រ ក្លិនផ្សែងរថយន្ត និងពន្លឺភ្លើងពណ៌ដែលជះពាសពេញដងវិថីក្នុងក្រុងភ្នំពេញ តែងតែធ្វើឱ្យខ្ញុំមានអារម្មណ៍ចង់រត់គេចឱ្យផុតពីភាពអ៊ូអរ។ ខ្ញុំឈ្មោះ K អាយុ ២៨ ឆ្នាំ ជាប្រធានផ្នែកអនុលោមភាព (Compliance Manager) ក្នុងក្រុមហ៊ុនឯកជនមួយ
ដៃខ្ញុំញ័រស្រាលៗពេលបើកទ្វារកញ្ចក់ខ្មៅចូលទៅក្នុងស្ទីមសោណាមួយកន្លែង ក្បែរផ្សារទួលទំពូង។ កន្លែងដែលខ្ញុំធ្លាប់តែឮគេនិយាយចាប់ពីមាត់មិត្តភក្តិម្នាក់។ ក្លិនទឹកអប់ចម្រុះ និងក្លិនចំហាយទឹកក្តៅហុយចេញពីក្នុងបន្ទប់ទទួលភ្ញៀវ។ បុគ្គលិកទទួលភ្ញៀវញញឹមដាក់ខ្ញុំដោយហុចកូនសោ និងកន្សែងពោះគោឲ្យខ្ញុំ។
ខ្ញុំបង់លុយ ហើយដើរចូលទៅក្នុងបន្ទប់ផ្លាស់ខោអាវ។ បេះដូងខ្ញុំលោតញាប់ដូចស្គរឆៃយ៉ាំថ្ងៃចូលឆ្នាំ។
ខ្ញុំរុំកន្សែងពណ៌សស្តើងមួយ ហើយបើកទ្វារចូលទៅក្នុងបន្ទប់ស្ទីម។
“ដើរយ៉ាងម៉េចទៅបើងងឹតម្លឹងៗ” ខ្ញុំគិតក្នុងចិត្ត
ផ្សែងចំហាយទឹកក្តៅហុយបិទបាំងអ្វីៗស្ទើរតែទាំងស្រុង។ ចង្កៀងពណ៌ស្វាយ និងក្រហមភ្លឺតិចៗ ធ្វើឲ្យអ្វីៗដូចជាស្ថិតក្នុងសុបិន។ ខ្ញុំដើររកកន្លែងអង្គុយ ដៃស្ទាបជញ្ជាំងក្បឿងរអិលៗ រហូតរាវប៉ះកៅអីថ្មទទេមួយនៅជ្រុងខាងក្រោយ។
នៅទីនោះ មានបុរសម្នាក់អង្គុយផ្អែកខ្នងនឹងជញ្ជាំង ងើបមុខទៅរកពិដាន បិទភ្នែកស្រូបយកកម្តៅយ៉ាងស្ងប់ស្ងាត់។ ទោះមើលមិនច្បាស់ តែខ្ញុំអាចសម្គាល់ឃើញគ្រោងមុខដ៏មាំ ស្មាធំទូលាយ និងម្រាមដៃវែងៗដែលដាក់សម្រាកលើភ្លៅ។ រំពេចនោះ គាត់ក៏បើកភ្នែកសម្លឹងមកចំខ្ញុំភ្នែកមួយគូដែលភ្លឺរលោងសូម្បីតែក្នុងភាពស្រពិចស្រពិល។
«មកអង្គុយទីនេះមក...» សំឡេងគាត់ទាបស្រទន់ តែផ្អែមល្ហែមដូចបទភ្លេងលួងលោមចិត្ត។
ខ្ញុំដើរទៅអង្គុយក្បែរគាត់ហាក់ដូចជាមានមេដែកទាញ។ ស្បែកយើងទាំងពីរប៉ះគ្នាស្រាលៗ កម្ដៅដែលភាយចេញពីខ្លួនគាត់ធ្វើឱ្យអារម្មណ៍ខ្ញុំរំជើបរំជួលយ៉ាងចម្លែក។
"ទើបមកដំបូងមែន?" គាត់សួរ ដោយសំឡេងសើចស្ងាត់ៗ។
"ម៉េចបានដឹង?" ខ្ញុំសួរត្រឡប់វិញទាំងអឹមអៀម។
"ព្រោះឃើញយើងដើររាវដូចជាកំពុងបាត់បង់អ្វីម្យ៉ាង...ហាហា" គាត់និយាយដោយសំណើចឮជាងមុន ហើយបែរមុខមករកខ្ញុំជិតជាងមុន «ខ្ញុំក៏ធ្លាប់មានអារម្មណ៍បែបហ្នឹងដែរ កាលពីបីឆ្នាំមុន»។
ចំហាយទឹកកាន់តែក្រាស់ទៅៗ ធ្វើឱ្យស្បែកយើងឡើងក្រហមងាំង។ យើងនៅស្ងៀមមួយសន្ទុះ ទើបខ្ញុំចាប់ផ្ដើមសំណួរ។
"យើងឈ្មោះអី?" ខ្ញុំសួរតិចៗ។
"សិដ្ឋ" គាត់ឆ្លើយ។ "ចុះយើងវិញ?"។
"K.."។
គាត់ងក់ក្បាល រួចលូកដៃមកកាន់ដៃខ្ញុំ។ ដៃគាត់ធំ កក់ក្ដៅ និងមានសរសៃរឹងមាំ ម្រាមដៃគាត់អង្អែលបាតដៃខ្ញុំយឺតៗ ហាក់ដូចជាកំពុងព្យាយាមអានរឿងរ៉ាវជីវិតតាមរយៈការប៉ះពាល់។
" K ឯងធ្វើការអី?"
"អ្នករចនា" ខ្ញុំឆ្លើយ សម្លេងស្ទើរតែខ្សឹប។ "ចុះយើងវិញ?"។
"ជាងកាត់សក់... មានហាងតូចមួយក្បែរផ្សារថ្មី" គាត់ឆ្លើយទាំងស្នាមញញឹម។
ពេលនោះ ភ្នែកខ្ញុំចាប់ផ្តើមស៊ាំនឹងពន្លឺតិចហើយព្យាយាមសម្លឹងមើលគាត់។ ក្នុងពន្លឺដ៏តិចតួចនោះ ខ្ញុំឃើញស្នាមរបស់គាត់ វាជាសម្រស់បែបបុរសសាមញ្ញដែលធ្វើឱ្យខ្ញុំបេះដូងខ្ញុំលោតកាន់តែញាប់។
«មើលមិនសូវច្បាស់មែនទេ?» គាត់សើចតិចៗ «តែខ្ញុំចូលចិត្តបែបហ្នឹង... ចូលចិត្តដែលយើងអាចជួបគ្នាដោយមិនចាំបាច់ដឹងអ្វីច្រើនពេក។ មានតែខណៈនេះ... គ្មានថ្ងៃម្សិលមិញ គ្មានថ្ងៃស្អែក»។
ពាក្យសម្ដីរបស់គាត់បានចាក់ទម្លុះបេះដូងខ្ញុំ។ ក្នុងទីក្រុងដែលមមាញឹកនេះ យើងកម្រនឹងមានឱកាសរស់នៅក្នុងពេលនេះណាស់។ គាត់នាំខ្ញុំចូលទៅក្នុងបន្ទប់តូចជាងនេះ ដែលមានអាងទឹកក្តៅ។ កន្លែងនេះស្ទើរតែងងឹតស្លុប យើងអង្គុយទល់មុខគ្នាក្នុងទឹកដែលក្ដៅឧណ្ហៗ។
ដៃគាត់វាយពីលើស្មាខ្ញុំថ្នមៗ។
"ធូរស្រាលទេ?" គាត់សួរ។
"ធូរ...ស្រាលខ្លួនណាស់" ខ្ញុំឆ្លើយទាំងបិទភ្នែកទទួលយកភាពកក់ក្ដៅ។
«ខ្ញុំដឹងថាយើងមកទីនេះព្រោះឯកា... ដូចខ្ញុំដែរ» សំឡេងគាត់ខ្សឹបក្បែរត្រចៀក «មនុស្សគ្រប់គ្នាដែលមកទីនេះ សុទ្ធតែមានរឿងរ៉ាវរៀងៗខ្លួន។ អ្នកខ្លះមករកការសប្បាយ អ្នកខ្លះមករកការបំភ្លេច តែសម្រាប់ខ្ញុំ... ខ្ញុំមករកនរណាម្នាក់ដែលខ្ញុំអាចនិយាយជាមួយ ដោយមិនបាច់ខ្វល់ពីថ្ងៃស្អែក»។
យប់នោះ យើងទាំងពីរបានភ្ជាប់ទំនាក់ទំនងគ្នាយ៉ាងស្ងប់ស្ងាត់។ ដៃដ៏មាំមួនរបស់គាត់ត្រដុសលើស្បែកខ្ញុំ សំឡេងដង្ហើមដែលដង្ហក់ស្របចង្វាក់គ្នា និងពាក្យសម្ដីផ្អែមពីរោះដែលធ្វើឱ្យខ្ញុំមានអារម្មណ៍ថាត្រូវបានគេយកចិត្តទុកដាក់ និងកក់ក្ដៅបំផុត។
ក្រោយមក យើងអង្គុយក្បែរគ្នាក្នុងបន្ទប់សម្រាក ក្នុងភាពស្ងប់ស្ងាត់ដែលពោរពេញដោយអត្ថន័យ។
"តើឧស្សាហ៍មកទីនេះទេ?" ខ្ញុំសួរបំណងចង់ជួបគេម្ដងទៀត។
គាត់ងាកមកមើលខ្ញុំហើយញញឹមក្នុងស្រមោលព្រាលៗ។
"មិនសូវទេ" គាត់ឆ្លើយ។
គាត់ក្រោកឈរ រួចដើរចូលទៅក្នុងចំហាយទឹកដែលហុយទ្រលោម ហើយបាត់ស្រមោលទៅក្នុងភាពងងឹត។ នោះគឺជាលើកដំបូង និងលើកចុងក្រោយដែលខ្ញុំបានជួបគាត់។
តាំងពីថ្ងៃនោះមក ខ្ញុំមិនដែលបានជួបគាត់ទៀតទេ។ ខ្ញុំមិនស្គាល់នាមត្រកូល មិនស្គាល់អាសយដ្ឋាន មិនដឹងសូម្បីតែថាពេលនេះគាត់សុខទុក្ខយ៉ាងណា។
ប្រហែលជានៅកន្លែងណាមួយក្នុងហាងកាត់សក់ក្បែរផ្សារថ្មី បុរសម្នាក់ឈ្មោះសិដ្ឋ កំពុងកាត់សក់ឱ្យអតិថិជន រួចក៏លួចដកដង្ហើមធំពេលនឹកឃើញដល់យប់មួយដែលមានបុរសម្នាក់អង្គុយក្បែរគាត់ក្នុងបន្ទប់ស្ទីមដ៏ងងឹតនោះដែរ។
ឬក៏ប្រហែលជាមានតែខ្ញុំម្នាក់ឯងដែលនៅតែនឹក... តែទោះជាយ៉ាងណា ខ្ញុំនឹងបន្តរក្សា "យប់នោះ" ទុកជាការចងចាំដ៏ស្រស់ស្អាតបំផុតក្នុងជីវិតរបស់ខ្ញុំ។

No comments:
Post a Comment