ភាគទី ៩៖ ពិព័រណ៍សិល្បៈនៃការពិត
ពន្លឺភ្លើងក្នុងសាលពិព័រណ៍សិល្បៈតូចមួយនៅកណ្ដាលក្រុងភ្នំពេញ
ចាប់ផ្ដើមភ្លឺឡើងយ៉ាងស្រទន់។
នរាឈរនៅមុខផ្ទាំងគំនូរដ៏ធំរបស់គេដែលគ្របដណ្ដប់ដោយក្រណាត់ស។ ដៃរបស់គេត្រជាក់ស្រេប
ហើយបេះដូងលោតញាប់ស្ទើរផ្ទុះម្ដងៗ។ នេះជាលើកដំបូងដែលគេត្រូវបង្ហាញ
"ខ្លួនឯង" ទៅកាន់ពិភពលោក។
ភូមិដើរមកពីក្រោយ រួចដាក់ដៃលើស្មានរាថ្នមៗ៖ «នរា! ឯងមើលទៅភ័យខ្លាំងណាស់។
ដកដង្ហើមវែងៗមើល៍»។
នរាងាកមកសម្លឹងភូមិទាំងភ្នែករលីងរលោង៖ «ភូមិ...
ចុះបើគ្មានអ្នកណាចង់មើលវា?
ចុះបើគេនៅតែសើចចំអកឱ្យខ្ញុំដូចមុនទៀត? ខ្ញុំខ្លាចថាការសម្រេចចិត្តរបស់ខ្ញុំលើកនេះ
វាខុស...»។
ភូមិញញឹម រួចកាន់ដៃនរាជាប់៖ «ស្តាប់ខ្ញុំណា!
គំនូរនេះមិនមែនគូរដើម្បីផ្គាប់ចិត្តអ្នកណាឡើយ។ អ្នកគូរវាដើម្បីដោះលែងខ្លួនឯង។
ទោះបីជាមានមនុស្សតែម្នាក់គត់ដែលយល់ពីវា ក៏វាមានតម្លៃគ្រប់គ្រាន់ដែរ។
ហើយមនុស្សម្នាក់នោះ គឺខ្ញុំ»។
រស្មីដើរចូលមកក្នុងឈុតរ៉ូបពណ៌ទឹកសមុទ្រយ៉ាងស្អាត
តាមពីក្រោយដោយបងនរិន្ទ។ នាងស្ទុះមកកាន់ដៃនរាទាំងសប្បាយចិត្ត។ «នរា! មើលចុះ
កន្លែងនេះស្អាតណាស់! ខ្ញុំបានហៅមិត្តភក្តិគ្រូៗមកខ្លះដែរ ពួកគេចង់ឃើញស្នាដៃលោក»។
នរាភ្ញាក់ផ្អើល៖ «រស្មី!
ចុះពួកគេមិនខ្លាចខូចឈ្មោះទេឬ ដែលមកជួបខ្ញុំ?»
រស្មីសើចតិចៗ៖ «នរាអើយ!
ពិភពលោកវាមិនតូចចង្អៀតដូចកាលយើងនៅវិទ្យាល័យទេណា។ មនុស្សល្អៗនៅមានច្រើនណាស់។ មើលបងនរិន្ទចុះ
គាត់រំភើបជាងលោកទៅទៀត!»
នរិន្ទដើរមកជិត រួចនិយាយដោយសំឡេងមាំ៖ «បងបានទិញបាច់ផ្កាធំជាងគេសម្រាប់ប្អូន។
ថ្ងៃនេះ ប្អូនគឺជាមោទនភាពរបស់បង។ កុំបារម្ភរឿងប៉ាអី បងមើលការខុសត្រូវអស់ហើយ»។
ដល់ម៉ោងកំណត់ ភ្ញៀវប្រហែល ៣០-៤០ នាក់បានមកជួបជុំគ្នា។ នរាកាន់មេក្រូដោយដៃញាប់ញ័រ
ប៉ុន្តែកែវភ្នែករបស់គេបែរជាមានពន្លឺរឹងមាំខុសពីធម្មតា។ គេដកដង្ហើមវែងៗ
រួចបន្លឺសំឡេងទៅកាន់ភ្ញៀវកិត្តិយសទាំងអស់៖
«ជម្រាបសួរពុកម៉ែបងប្អូន និងមិត្តភក្តិទាំងអស់គ្នា...
ខ្ញុំឈ្មោះ នរា។
អស់រយៈពេលជិត ៣០ ឆ្នាំមកនេះ
ខ្ញុំបានប្រើជីវិតរស់នៅក្នុង "ពន្ធនាគារដែលគ្មានជញ្ជាំង"។ ពន្ធនាគារនោះ
គឺសាងសង់ឡើងដោយភាពភ័យខ្លាច... ខ្ញុំខ្លាចខ្សែភ្នែកដែលសម្លឹងមកដោយការរើសអើង
ខ្ញុំខ្លាចពាក្យខ្សឹបខ្សៀវដែលចាក់ដោតពីក្រោយខ្នង ហើយអ្វីដែលគួរឱ្យខ្លាចបំផុតនោះ
គឺខ្ញុំភ័យខ្លាចសូម្បីតែការធ្វើជាខ្លួនឯង។ ខ្ញុំបានពាក់របាំងមុខឱ្យគេសរសើរ
ខ្ញុំបានលាក់បាំងពណ៌ពិតរបស់ខ្លួនឯងរហូតដល់ខ្ញុំស្ទើរតែភ្លេចថា
"នរាពិតប្រាកដ" ជានរណា។
ប៉ុន្តែថ្ងៃនេះ ខ្ញុំសម្រេចចិត្តហែករបាំងមុខនោះចោលហើយ។
គំនូរដែលនៅពីមុខបងប្អូនទាំងអស់គ្នានេះ វាមិនមែនគ្រាន់តែជាពណ៌ទឹក
ឬផ្ទាំងក្រណាត់នោះទេ... តែវាគឺជា "វិញ្ញាណ" និងជា "ជីវិត"
របស់ខ្ញុំ។ វាជាសក្ខីភាពដែលបញ្ជាក់ថា ទោះបីជាពិភពលោកចង់ឱ្យយើងក្លាយជាក្រដាសសដែលទទេស្អាតតាមចិត្តគេចង់បាន
ក៏យើងនៅតែមានសិទ្ធិរំលេចពណ៌នៃការពិតរបស់យើងឡើងមកវិញដែរ។
សូមអរគុណដែលព្រមទទួលយក "នរា" ម្នាក់នេះ...
ម្នាក់ដែលលែងរស់នៅក្នុងស្រមោលទៀតហើយ!»
នរាទាញខ្សែក្រណាត់ទម្លាក់ចុះ។
រូបភាពមនុស្សម្នាក់ដែលកំពុងហែករបាំងមុខពណ៌សចេញ
បង្ហាញឱ្យឃើញនូវផ្ទៃមុខដែលពោរពេញដោយពណ៌ឥន្ទធនូដ៏រស់រវើក បានលេចឡើង។
មនុស្សគ្រប់គ្នាស្ងាត់មាត់ឈឹង បន្តិចក្រោយមក សំឡេងទះដៃក៏បន្លឺឡើងយ៉ាងខ្លាំង។
ខណៈពេលដែលសាលពិព័រណ៍ទាំងមូលកំពុងលាន់ឮដោយសំឡេងទះដៃ
និងពាក្យសរសើរមិនដាច់ពីមាត់ នរាបែរជាភាំងស្ទើរភ្លេចដកដង្ហើម។
នៅជ្រុងងងឹតបំផុតនៃសាល ឆ្ងាយពីពន្លឺភ្លើងស្ប៉តឡាយ
គេក្រឡេកឃើញបុរសចំណាស់ម្នាក់ដែលពាក់មួកទម្លាក់ចុះបិទបាំងមុខ និងវ៉ែនតាខ្មៅជិតឈឹង។
ទោះបីជាមានការបិទបាំងយ៉ាងណាក៏ដោយ
ក៏រូបរាងដែលធ្លាប់តែមាំទាំតែឥឡូវហាក់រាងកោងបន្តិចដោយសារសម្ពាធជីវិតនោះ
នរាចំណាំបានច្បាស់គ្មានពីរ... នោះគឺ ប៉ា។
នរាឈរគាំងធ្មឹងដូចរូបចម្លាក់ ទឹកមុខប្រែជាស្លេកស្លាំង។
ភូមិដែលសង្កេតឃើញភាពមិនប្រក្រតី ក៏ដើរមកក្បែរ រួចខ្សឹបសួរដោយក្ដីបារម្ភ៖ «មានរឿងអី នរា? ហេតុអីបានជាអ្នកភ័យដល់ថ្នាក់ហ្នឹង?»
នរាសម្លឹងទៅជ្រុងងងឹតនោះមិនដាក់ភ្នែក
រួចឆ្លើយទាំងសំឡេងញ័រមាត់៖ «ប៉ា... ប៉ាមកទីនេះ ភូមិ។
គាត់កំពុងឈរនៅទីនោះ!»
ភូមិសម្លឹងទៅតាម រួចងាកមកសួរថ្នមៗ៖ «តើឯងចង់ទៅជួបគាត់ទេ? ឬក៏ទុកឱ្យគាត់នៅទីនោះសិនចុះ?»
នរាដកដង្ហើមវែងៗដើម្បីប្រមូលកម្លាំងចិត្ត៖ «ខ្ញុំត្រូវតែទៅ ភូមិ។
មិនថាគាត់មកទីនេះដើម្បីជេរស្ដី ឬមកដើម្បីបណ្ដេញខ្ញុំជាលើកចុងក្រោយ
ក៏ខ្ញុំត្រូវតែប្រឈមមុខនឹងគាត់ដែរ។
ខ្ញុំមិនអាចរត់គេចពីការពិតដែលគាត់ជាប៉ារបស់ខ្ញុំបានឡើយ»។
នរាដើរសំដៅទៅរកលោកសុខុមយឺតៗ
ជំហាននីមួយៗហាក់ដូចជាមានទម្ងន់រាប់តោន។ លោកសុខុមឃើញកូនដើរមកជិត
ក៏ប្រញាប់ងាកក្រោយបម្រុងនឹងដើរចេញដើម្បីគេចវេស តែសំឡេងស្រទន់របស់នរាបានហៅឃាត់ទាន់៖
«ប៉ា!
សូមកុំទាន់ទៅអី... កូនសុំអង្វរ»។
លោកសុខុមឈប់ងក់ រួចដកដង្ហើមធំដែលពោរពេញដោយភាពតានតឹង។
គាត់សន្សឹមៗដកវ៉ែនតាខ្មៅចេញ បង្ហាញឱ្យឃើញរង្វង់ភ្នែកដែលក្រហមងាំង
និងដក់ដោយទឹកភ្នែកដែលគាត់ខំលាក់បាំងជាយូរ។
គាត់សម្លឹងមើលមុខកូនប្រុសដែលគាត់ធ្លាប់តែស្ដីបន្ទោស
រួចនិយាយដោយសំឡេងស្អកៗស្ទើរស្ដាប់មិនចង់ឮ៖ «ឯង...
ឯងធ្វើបានល្អណាស់កូន»។
នរាស្រឡាំងកាំង ភ្នែកបើកធំៗទាំងមិនជឿត្រចៀក៖ «ប៉ា... ប៉ាថាម៉េច? ប៉ាមិនខឹងកូនទេមែនទេ?»
«ប៉ាមកទីនេះ ព្រោះនរិន្ទវាផ្ញើវីដេអូដែលឯងនិយាយក្នុងសិក្ខាសាលាឱ្យប៉ាមើល» លោកសុខុមនិយាយបន្តទាំងការឈឺចាប់លេចឡើងលើទឹកមុខ
«ប៉ាមិនដែលដឹងទេថា កូនប៉ាត្រូវរស់ក្នុងងងឹត
និងឈឺចាប់ដល់ថ្នាក់ហ្នឹង។ ប៉ាគិតតែពីកេរ្តិ៍ឈ្មោះដែលមិនអាចហូបបាន
គិតតែពីសម្បកក្រៅដែលអសារបង់... រហូតដល់ប៉ាស្ទើរតែសម្លាប់ព្រលឹងកូនបង្កើតខ្លួនឯង»។
មកដល់ចំណុចនេះ នរាទប់ទឹកភ្នែកលែងជាប់
គេយំខ្សឹកខ្សួលខ្លាំងៗកណ្ដាលសាលពិព័រណ៍ដោយមិនខ្វល់ពីខ្សែភ្នែកអ្នកដទៃ។
គេស្ទុះទៅលុតជង្គង់នៅចំពោះមុខឪពុក៖ «ប៉ា...
កូនមិនដែលស្អប់ប៉ាឡើយ ទោះប៉ាធ្វើបាបកូនយ៉ាងណាក៏ដោយ។
អ្វីដែលកូនចង់បានបំផុតក្នុងជីវិតនេះ គឺគ្រាន់តែចង់ឱ្យប៉ាស្រឡាញ់កូន...
ស្រឡាញ់កូនដែលជានរាម្នាក់នេះ»។
លោកសុខុមអោនចុះទាំងញាប់ញ័រ
រួចលូកដៃមកកាន់ស្មានរាទាំងសងខាង៖ «ប៉ាសុំទោស នរា...
ប៉ាសុំទោស។ ប៉ាជាមនុស្សចាស់បុរាណ ប៉ាមិនដឹងថាត្រូវធ្វើខ្លួនបែបណា
ឬត្រូវរៀនទទួលយកវាដោយរបៀបណាទេ...។ ប៉ានៅតែពិបាកយល់ពីវាទាំងអស់
តែប៉ាសន្យាថានឹងព្យាយាម។ ប៉ាមិនចង់បាត់បង់កូន
ហើយរស់នៅក្នុងភាពស្ដាយក្រោយរហូតដល់ថ្ងៃស្លាប់នោះទេ»។
ក្នុងខណៈនោះ បងនរិន្ទ
និងម៉ាក់ដែលលួចដើរតាមពីក្រោយទាំងទឹកភ្នែក ក៏ស្ទុះចូលមកឱបគ្នាជាគ្រួសារ។
វាជាការឱបជុំគ្រួសារជាលើកដំបូងដែលពោរពេញដោយភាពកក់ក្ដៅពិតប្រាកដ
និងគ្មានការលាក់បាំង។
បន្ទាប់ពីអារម្មណ៍ចាប់ផ្ដើមធូរស្រាល នរាបានងាកទៅរកភូមិដែលឈរមើលពីចម្ងាយទាំងក្ដីរំភើប។
នរាកាន់ដៃភូមិដើរមកចំពោះមុខឪពុក។ ភូមិឱនគោរពលោកសុខុមដោយភាពរាបសារបំផុត៖ «ជម្រាបសួរលោកពុក...
អរគុណលោកពុកដែលផ្ដល់ឱកាសឱ្យពួកយើង»។
លោកសុខុមសម្លឹងមើលភូមិយូរបន្តិច រួចងក់ក្បាលយឺតៗ
ជាសញ្ញានៃការបើកចិត្តដែលនរាមិនដែលហ៊ានសូម្បីតែស្រមៃដល់។
លោកសុខុមសម្លឹងមើលភូមិយូរ រួចនិយាយដោយសំឡេងមាំ៖ «ឯងមែនទេ
ដែលមើលថែកូនយើងកន្លងមក?» ភូមិងក់ក្បាល៖
«បាទលោកពុក។ ហើយខ្ញុំនឹងបន្តមើលថែគេរហូតទៅ»។
ប៉ាងក់ក្បាលតិចៗ៖ «ល្អហើយ...
បើកូនយើងវាជ្រើសរើសឯង យើងក៏គ្មានអីនិយាយដែរ។ តែហាមធ្វើឱ្យកូនយើងយំទៀត
បើមិនអញ្ចឹងទេ យើងមិនលើកលែងឱ្យទេ»។
នៅក្នុងភាពស្ងប់ស្ងាត់នៃសាលពិព័រណ៍ ក្រោយពេលឃើញរឿងរ៉ាវដ៏រំភើបនៃការទទួលរបស់លោកពុកនរាហើយ
អ្នកសម្របសម្រួលបានស្នើរដល់នរាថា៖ «លោកគ្រូនរា!
សម្រាប់អ្នកដែលកំពុងស្ថិតក្នុងស្ថានភាពដូចលោកគ្រូកាលពីមុន...
អ្នកដែលកំពុងលាក់ខ្លួនក្នុងស្រមោល ភ័យខ្លាចមិនហ៊ានបញ្ចេញអត្តសញ្ញាណពិត
តើលោកគ្រូមានពាក្យអ្វីចង់ផ្ដាំផ្ញើទៅកាន់ពួកគេដែរឬទេ?»
នរាឈប់មួយស្របក់
រួចសម្លឹងត្រង់ទៅកាន់កាមេរ៉ាដែលកំពុងផ្សាយផ្ទាល់
ហាក់ដូចជាគេកំពុងជជែកជាមួយមនុស្សរាប់ម៉ឺននាក់ដែលកំពុងមើលពីចម្ងាយ។
គេបន្លឺសំឡេងដោយភាពជឿជាក់ និងកក់ក្ដៅបំផុត៖
«ខ្ញុំចង់ប្រាប់អ្នករាល់គ្នាថា... កុំរង់ចាំរហូតដល់ពិភពលោកយល់ពីអ្នក
ទើបអ្នកហ៊ានរស់ជាខ្លួនឯងឡើយ។ ព្រោះបើអ្នកមិនហ៊ានឈរនៅក្រោមពន្លឺថ្ងៃទេ
នោះពិភពលោកក៏គ្មានថ្ងៃបានឃើញពណ៌ពិតរបស់អ្នកដែរ។ ចូររស់ជាខ្លួនឯងដោយមោទនភាពជាមុនសិន
ទើបពិភពលោកនឹងចាប់ផ្ដើមរៀនសូត្រ និងយល់ពីអ្នកតាមក្រោយ។
អ្នកត្រូវដឹងថា
ជីវិតរបស់អ្នកមិនមែនជាផ្ទាំងក្រដាសសទទេរស្អាត សម្រាប់ទុកឱ្យអ្នកដទៃមកគូសវាស
ឬសរសេររឿងរ៉ាវដែលគេចង់បានតាមចិត្តនោះឡើយ។
កុំបណ្ដោយឱ្យអ្នកដទៃកាន់ប៊ិកមកកំណត់វាសនាអ្នក។ ជីវិតអ្នក
គឺជាសៀវភៅផ្ទាល់ខ្លួនរបស់អ្នក ហើយអ្នកគឺជា "អ្នកនិពន្ធ" តែម្នាក់គត់។ »
ក្រោយពិព័រណ៍បញ្ចប់ នរា និងភូមិដើរលេងនៅតាមមាត់ទន្លេ។
ខ្យល់បក់ត្រជាក់ ក្លិនផ្ការាត្រីសាយភាយពេញអាកាស។ «ភូមិ... អរគុណដែលឯងមិនដែលបោះបង់ខ្ញុំ» នរានិយាយទាំងផ្អែកក្បាលលើស្មានភូមិ។
ភូមិងាកមកថើបថ្ងាសនរាថ្នមៗ៖ «ឯងដឹងទេ? ថ្ងៃដំបូងដែលខ្ញុំឃើញឯងក្នុងហាងកាហ្វេ
ខ្ញុំបានដឹងថា ឯងគឺជាមនុស្សដែលស្អាតបំផុតក្នុងលោក។ មិនមែនដោយសារសម្រស់ទេ
តែដោយសារពន្លឺដែលឯងខំលាក់ទុក»។
នរាយកផ្កាក្រដាសសដែលភូមិធ្លាប់ឱ្យមកកាន់ក្នុងដៃ។ «ភូមិ...
តើយើងនឹងរៀបការជាមួយគ្នាទេ?» នរាសួរបែបលេងសើច
តែក្នុងចិត្តគឺពិតប្រាកដ។
ភូមិសើច រួចលុតជង្គង់ចុះកណ្ដាលផ្លូវ៖ «នរា... តើឯងព្រមឱ្យខ្ញុំគូសវាសពណ៌នៃក្ដីសុខក្នុងជីវិតឯង
រហូតដល់ថ្ងៃចុងក្រោយទេ?»
នរាងក់ក្បាលទាំងទឹកភ្នែករីករាយ៖ «ព្រម! ខ្ញុំព្រម!» ពួកគេទាំងពីរនាក់សើចជាមួយគ្នា
ក្រោមពន្លឺព្រះច័ន្ទដ៏ស្រស់ត្រកាល។ ជីវិតថ្មីរបស់នរាបានចាប់ផ្ដើមហើយ...
ជាជីវិតដែលគ្មានរបាំងមុខ និងពោរពេញដោយសេរីភាព។
No comments:
Post a Comment