អាខ្ទើយ....!
សឹងតែរាល់ថ្ងៃដែលខ្ញុំត្រឡប់មកដល់ផ្ទះវិញទាំងអារម្មណ៍ហត់នឿយ។ វាមិនមែនជាភាពហត់នឿយដែលកើតចេញពីការងារដែលគរលើតុនោះទេ ប៉ុន្តែវាគឺជាភាពនឿយណាយនឹងការសម្តែង និងការអត់ធ្មត់ ចំពោះបរិយាកាសជុំវិញខ្លួននៅកន្លែងធ្វើការ។ ជារៀងរាល់ព្រឹក នៅពេលដែលខ្ញុំឈានជើងចូលក្នុងក្រុមហ៊ុន ខ្ញុំត្រូវផ្ដោតអារម្មណ៍យ៉ាងខ្លាំងលើការរក្សារឹកពារ របៀបរបបនៃការដើរដេកពាក្យសម្តែង ដើម្បីឱ្យមើលទៅដូចជាមនុស្សប្រុសគ្រប់ជ្រុងជ្រោយបំផុតតាមដែលអាចធ្វើទៅបាន។ គ្រប់ជំហានដែលខ្ញុំដើរ គ្រប់ពាក្យដែលខ្ញុំនិយាយ គឺសុទ្ធតែឆ្លងកាត់ការត្រួតពិនិត្យពីខួរក្បាលរបស់ខ្ញុំជាមុន ព្រោះខ្ញុំមិនចង់ឱ្យនរណាម្នាក់មើលឃើញ ឬសង្ស័យពីអត្តសញ្ញាណពិតដែលលាក់នៅក្នុងចិត្តរបស់ខ្ញុំឡើយ។
អ្វីដែលពិបាកទទួលយកបំផុត
គឺនៅពេលដែលមិត្តរួមការងារចាប់ផ្តើមនិយាយលេងសើចបែបបញ្ឆិតបញ្ឆៀង។ មានពេលខ្លះ
គេមិនបាននិយាយចំឈ្មោះខ្ញុំទេ ប៉ុន្តែសម្តីដែលគេលើកមកនិយាយ
គេចេតនាដៀមដាមទៅលើអ្នកដែលមាននិន្នាការភេទដូចយើង។ ក្នុងចិត្តខ្ញុំពេលនោះ វាទាំងខឹង
ទាំងអន់ចិត្ត ទាំងក្តៅក្រហាយ... ប៉ុន្តែអ្វីដែលខ្ញុំអាចធ្វើបាន
គឺត្រឹមតែខំទប់អារម្មណ៍ឱ្យនៅធម្មតាបំផុត។ ខ្ញុំត្រូវបង្ខំចិត្តញញឹមស្ងួតៗ
ឬធ្វើជាមិនដឹងមិនឮ
ដើម្បីកុំឱ្យគេចាប់ថ្នាក់បានថាខ្ញុំកំពុងតែឈឺចាប់នឹងសម្តីទាំងនោះ។
ការព្យាយាមធ្វើខ្លួនឱ្យធម្មតា ក្នុងពេលដែលបេះដូងកំពុងតែត្រូវគេជាន់ឈ្លី
គឺជាការតស៊ូដ៏ស្ងៀមស្ងាត់ដែលគ្មានអ្នកណាមើលឃើញ។
លើសពីនេះទៅទៀត
ខ្ញុំត្រូវទ្រាំអង្គុយស្តាប់គេនិយាយលេងសើចគ្នា ជជែកគ្នាដោយប្រើពាក្យថា អាខ្ទើយ ឬ
ពួកចរិតស្រី ជាដើម។ សម្រាប់ពួកគេ
ពាក្យទាំងនេះវាប្រហែលជាត្រឹមតែជាពាក្យសើចសប្បាយសម្រាប់បន្ធូរភាពតានតឹងក្នុងការងារ
ប៉ុន្តែសម្រាប់មនុស្សដែលស្ថិតក្នុងស្ថានភាពដូចជាខ្ញុំ
ពាក្យទាំងនោះមិនមែនជារឿងកំប្លែងឡើយ។ រាល់ពេលដែលពាក្យទាំងនោះបន្លឺឡើង
វាប្រៀបដូចជាមានគេយកដុំថ្មធំៗមកគប់ចំក្បាលខ្ញុំយ៉ាងដំណំដូច្នេះដែរ។ វាឈឺ វារន្ធត់
ហើយវាក៏ធ្វើឱ្យខ្ញុំមានអារម្មណ៍ថាខ្លួនឯងគ្មានតម្លៃក្នុងខ្សែភ្នែករបស់ពួកគេ។
ខ្ញុំតែងតែសួរខ្លួនឯងថា
តើដល់ពេលណាទើបកន្លែងធ្វើការ ក្លាយជាកន្លែងដែលផ្តល់សេចក្តីសុខ
និងការគោរពដល់មនុស្សគ្រប់គ្នាដោយមិនប្រកាន់ភេទ? ខ្ញុំចង់សុំចិត្តអ្នកជុំវិញខ្លួនខ្លះ
កុំប្រើពាក្យសម្តីទាំងនេះមកលើពួកខ្ញុំ
ហើយសុំកុំចាត់ទុកពួកខ្ញុំជាឧបករណ៍សម្រាប់និយាយលេងសើចឱ្យសប្បាយមាត់។
បើទោះជាអ្នកមិនយល់ពីពួកខ្ញុំ តែសុំជួយទុកមុខ ទុកកិត្តិយសឱ្យពួកខ្ញុំផង។
ព្រោះរាល់ពាក្យសម្តីដែលអ្នកនិយាយចេញមកដោយមិនបានគិត
អ្នកមិនដឹងទេថាមានមនុស្សប៉ុន្មាននាក់ដែលកំពុងលាក់អត្តសញ្ញាណ
ហើយកំពុងលួចឈឺចាប់ដែលមិនអាចនិយាយបាន។ ពួកគេបានត្រឹមតែឈឺក្នុងចិត្តម្នាក់ឯង
គ្មានអ្នកណាដឹង គ្មានអ្នកណាឮ ហើយក៏គ្មានអ្នកណាយល់។
ខ្ញុំចង់ឱ្យអ្នក
ព្យាយាមយល់ ជាជាងមិនយល់ហើយនៅតែព្យាយាមនិយាយដៀមដាមទាំងងងើល។ ពួកយើងក៏មានបេះដូង
ក៏មានភាពឈឺចាប់ ហើយក៏ចង់បានការផ្តល់តម្លៃក្នុងនាមជាមនុស្សម្នាក់ដូចអ្នកដទៃដែរ។
រហូតមកដល់ពេលនេះ
ខ្ញុំនៅតែរើសយកការមិនតបត មិនមែនព្រោះតែខ្ញុំខ្លាច ឬខ្ញុំទន់ជ្រាយទេ
ប៉ុន្តែព្រោះខ្ញុំចង់រក្សាភាពថ្លៃថ្នូរ និងចង់ឱ្យការងាររបស់ខ្ញុំដើរទៅមុខដោយរលូន។
ខ្ញុំបានត្រឹមតែលេបទឹកភ្នែកចូលក្នុង ហើយប្រាប់ខ្លួនឯងថាត្រូវតែរឹងមាំ។ ស្អែកនេះ
ខ្ញុំនឹងត្រូវត្រឡប់ទៅកន្លែងធ្វើការវិញ ទៅសម្តែងជាមនុស្សប្រុសមាំមួនម្នាក់ទៀតហើយ
ប៉ុន្តែក្នុងចិត្តខ្ញុំនៅតែសង្ឃឹមថា ថ្ងៃណាមួយ ពិភពលោកនឹងយល់ថា
បេះដូងដែលស្មោះត្រង់ និងសមត្ថភាពការងារ គឺជារឿងសំខាន់ជាងអ្វីៗទាំងអស់។
ពីខ្ញុំ Jay...
ខ្ញុំជួបច្រើនឡើងស៊ាំហើយ។ គេជាគេ គេមិនយល់ សំខាន់បើយើងទន់ខ្សោយ វាងាយនឹងធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តយើង។ :)
ReplyDelete