ក្រោមមេឃស្រអាប់នៃស្រុកកំណើត រិទ្ធបានឈរនៅមុខផ្ទះឈើពីរជាន់ដ៏ស្ងប់ស្ងាត់របស់តុលា។ ទ្វារផ្ទះនៅតែចាក់សោរបិទជិតដូចកាលពី ៤ ឆ្នាំមុន ប៉ុន្តែភាពខុសប្លែកតែមួយគត់គឺស្មៅដែលដុះរពាត់ជុំវិញរបង។ រិទ្ធមិនបានឈប់ត្រឹមហ្នឹងទេ គេបានដើរវាងទៅខាងក្រោយផ្ទះ សំដៅទៅរកបន្ទប់ដាក់អីវ៉ាន់ចាស់មួយដែលធ្វើពីឈើលាយថ្ម។ នៅទីនោះ គេបានជួបនឹង ពូសៅ ដែលជាប្អូនបង្កើតរបស់ឪពុកតុលា កំពុងអង្គុយជក់បារីទាំងទឹកមុខស្រងូតស្រងាត់។
«ក្មួយរិទ្ធមែនទេ? បាត់ទៅភ្នំពេញយូរ មិននឹកស្មានថាត្រលប់មកវិញសោះ» ពូសៅពោលទាំងដកដង្ហើមធំ
នៅពេលឃើញរិទ្ធសួរសំណួរដែលគេលាក់ទុកក្នុងចិត្តជាច្រើនឆ្នាំ។ ពូសៅបាននាំរិទ្ធដើរទៅជិតឃ្លាំងនោះ រួចចាប់ផ្តើមរៀបរាប់ទាំងសំឡេងញ័រៗតាមសេចក្តីពិតដែលគេបានដឹងពីម៉ាក់តុលាដែលជាបងថ្លៃ។
«យប់នោះ...
វាមិនមែនជាគ្រោះថ្នាក់ចៃដន្យនោះទេ។ ប៉ាតុលា គាត់ដឹងរឿងក្មួយ និងតុលាស្រឡាញ់គ្នា។
គាត់ខឹងខ្លាំងណាស់ គាត់បានហៅតុលាមកជួបនៅទីនេះ ព្រោះគាត់មិនចង់ឱ្យម៉ាក់តុលាដឹង។
ខ្ញុំនៅក្បែរហ្នឹង ឮសំឡេងឈ្លោះប្រកែកគ្នាខ្លាំងៗមែនទែន។
តុលាវាអង្វរប៉ាវាឱ្យយល់ព្រមឱ្យវាទៅភ្នំពេញជាមួយក្មួយ តែឪពុកតុលាគាត់មិនព្រម...
គាត់ថាវាជាការលក់មុខមាត់គ្រួសារ។»
[យប់អាធ្រាត្រក្នុងឃ្លាំងចាស់]
ពន្លឺចង្កៀងប្រេងកាតរេទៅរេមកតាមកម្លាំងខ្យល់ដែលបក់ចូលតាមចន្លោះជញ្ជាំង។
លោកមេភូមិឈរទាំងមុខក្រហមងាំង បោកសៀវភៅកំណត់ហេតុរបស់តុលាទៅលើដី៖
«ឯងចង់ធ្វើឱ្យគ្រួសារយើងលក់មុខដល់កម្រិតណាទៀត?!» សម្លេងឪពុកតុលាគ្រហឹមដូចព្យុះ។ «ស្អែកនេះឯងមិនត្រូវទៅណាទាំងអស់!
យើងនឹងរៀបចំឱ្យឯងទៅរៀននៅខេត្តឆ្ងាយ បំភ្លេចអារិទ្ធនោះចោលទៅ!»
តុលាដែលកំពុងយំ
ងើបមុខឡើងទាំងមោះមុត៖ «កូនមិនទៅណាទាំងអស់!
កូនសន្យាជាមួយរិទ្ធរួចហើយថាស្អែកនេះពួកយើងនឹងទៅភ្នំពេញជាមួយគ្នា!
ប៉ាមិនអាចឃាត់បេះដូងកូនបានទេ!»
«ឯងថ្លើមធំណាស់! » លោកប៉ាតុលា ទប់កំហឹងមិនជាប់ ក៏ស្ទុះទៅទាញចង្កៀងប្រេងកាតដែលតាំងនៅលើតុ
រួចលើកឡើងខ្ពស់៖ «បើឯងមិនព្រមឈប់ពីវា... អញវាយឯងឲ្យងាប់!»
«ប៉ា! កុំ!...» មិនទាន់នឹងតុលាស្រែកចប់ផង
ចង្កៀងនោះត្រូវបានឪពុកគប់ទៅចំក្បាលតុលាយ៉ាងខ្លាំង រួចក៏បែកខ្ចាយ។
ប្រេងកាតដែលកំពុងឆេះបានហៀរស្រោចពេញផ្ទៃមុខ និងស្មារបស់តុលា។
«អូយ! ប៉ា... ជួយកូនផង! ក្តៅណាស់!» តុលាដួលននាលលើដី ស្រែកយំដោយការឈឺចាប់ខ្លាំងបំផុត
រហូតដល់ដាច់សំឡេង។
ពូសៅបន្តទាំងអួលដើមក៖
«ក្រោយពេលពន្លត់ភ្លើងបាន ប៉ាតុលាស្លន់ស្លោខ្លាំងណាស់។
គាត់ខ្លាចប៉ូលីសដឹងរឿងគាត់បង្កគ្រោះថ្នាក់ដល់កូនផង និងខ្មាសញាតិជិតខាងផង
គាត់ក៏បញ្ជាឱ្យគ្រួសាររៀបចំអីវ៉ាន់ឡើងឡានចេញទៅទាំងយប់អាធ្រាត្រ
ដើម្បីយកតុលាទៅព្យាបាលនៅមន្ទីរពេទ្យឯកជនមួយនៅឆ្ងាយ។ គាត់បិទផ្ទះចោល
ឱ្យអ្នកភូមិគិតថាគ្រាន់តែផ្ទេរការងារ។ មុនចេញទៅ គាត់បានដកទូរស័ព្ទ និងគំរាមតុលាថា ត្រូវផ្ដាច់ទំនាក់ទំនងជាមួយក្មួយ»។
រិទ្ធធ្លាក់ថ្លើម ដៃជើងប្រែត្រជាក់ស្រេប។ រូបភាពដែលពូសៅរៀបរាប់
បានធ្វើឱ្យគេឈឺចាប់ខ្លាំងជាងត្រូវកាំបិតចាក់ទៅទៀត។
ពូសៅផ្អាកបន្តិច
រួចបន្តទាំងទឹកមុខស្រងូតស្រងាត់៖ «រឿងនេះ
ម្ដាយតុលាគាត់យំប្រាប់ខ្ញុំទាំងអួលដើមក
ព្រោះគាត់ចង់ឱ្យខ្ញុំជួយនិយាយអង្វរបងប្រុសខ្ញុំឱ្យចិត្តទន់ខ្លះ។ គាត់ថា
កាលតុលារៀនដល់ឆ្នាំទី ២ ស្លាកស្នាមលើមុខវានៅតែមិនទាន់បាត់ ធ្វើឱ្យវាពិបាករកការងារធ្វើ។
«តែតុលា...
វាមានះណាស់ក្មួយអើយ។» ពូសៅបន្ត៖
[ជម្លោះកាត់កាល]
នៅក្នុងបន្ទប់ទទួលភ្ញៀវដ៏ស្ងាត់ជ្រងំ លោកប៉ាតុលាបោះកាតាឡុកមន្ទីរពេទ្យកែសម្ផស្សល្បីមួយទៅលើតុ
រួចសម្លឹងមើលកូនប្រុសដែលកំពុងអង្គុយអោនមុខចុះទាំងក្រៀមក្រំ។
«នេះជាឱកាសចុងក្រោយរបស់ឯង!» សំឡេងឪពុកបង្កប់ដោយអំណាច។ «យើងនឹងបញ្ជូនឯងទៅវះកាត់នៅបរទេស ព្យាបាលស្លាកស្នាមលើមុខឯងឱ្យស្អាតដូចដើមវិញ
ដើម្បីឱ្យឯងអាចចេញចូលសង្គម និងមានការងារល្អធ្វើ។ ប៉ុន្តែមានលក្ខខណ្ឌមួយ...
ឯងត្រូវបំភ្លេចអាម្នាក់ឈ្មោះរិទ្ធនោះចោលឱ្យដាច់
ហើយយល់ព្រមរៀបការជាមួយកូនស្រីមិត្តភក្តិយើងតាមការចាត់ចែង!»
តុលាងើបមុខឡើងយឺតៗ ភ្នែកដែលធ្លាប់តែពោរពេញដោយពន្លឺព្រះអាទិត្យ
ឥឡូវនេះប្រែជាមោះមុត និងរឹងមាំដូចថ្មដា។ គេសម្លឹងមើលមុខឪពុកចំ រួចឆ្លើយទាំងសំឡេងញ័រតែច្បាស់ៗ៖
«ទោះមុខកូនត្រូវខូចអស់ពេញមួយជីវិត ក៏កូនមិនភ្លេចរិទ្ធដែរ!
បើប៉ាចង់ឱ្យកូនលែងស្រឡាញ់រិទ្ធ... លុះត្រាតែប៉ាសម្លាប់កូនឱ្យស្លាប់ទៅ!»
«ឯង!...» លោកមេភូមិស្ទុះក្រោកឈរទាំងកំហឹងទប់មិនជាប់
គាត់ចង្អុលមុខតុលា រួចស្រែកខ្លាំងៗថា៖ «បើឯងរើសយកអាម្នាក់នោះ ឯងមិនបាច់ហៅយើងថាប៉ាទៀតទេ! ចេញពីផ្ទះយើងទៅ
ហើយកុំត្រលប់មកវិញឱ្យសោះ! យើងកាត់កាលឯងចោលចាប់ពីពេលនេះតទៅ!»
តុលាមិនតបតអ្វីឡើយ គេគ្រាន់តែក្រាបសំពះលាឪពុកទាំងទឹកភ្នែក
រួចដើរចេញពីផ្ទះទាំងខ្លួនទទេ
ដោយក្តាប់ជាប់តែខ្សែដៃផ្កាត្របែកព្រៃចាស់មួយក្នុងប្រអប់ដៃតែប៉ុណ្ណោះ។
រិទ្ធមិនអាចទ្រាំស្តាប់បន្តបានទៀតទេ
គេដើរចេញពីទីនោះទាំងទឹកភ្នែកហូរជោកថ្ពាល់។ គេចង់ស្រែកប្រាប់ពិភពលោកថា
តុលាមិនមែនជាអ្នកក្បត់សន្យាទេ ប៉ុន្តែតុលាគឺជា "វីរបុរស"
ដែលសុខចិត្តបោះបង់អ្វីៗគ្រប់យ៉ាង សូម្បីតែរូបសម្រស់ និងគ្រួសារ
ដើម្បីការពារសេចក្ដីស្រឡាញ់ចំពោះរូបគេម្នាក់គត់។
No comments:
Post a Comment