សួស្ដីអ្នកទាំងអស់គ្នា! ថ្ងៃនេះខ្ញុំមានរឿងផ្ទាល់ខ្លួនមួយចង់ចែករំលែក។ ខ្ញុំគឺជាបុរសស្រឡាញ់ភេទដូចគ្នាម្នាក់ អាយុ ១៩ ឆ្នាំ។ នេះជាលើកដំបូងបង្អស់ដែលខ្ញុំសរសេររៀបរាប់ពីខ្លួនឯងទៅកាន់ Gay Confession ហើយអ្វីដែលពិសេសនោះ គឺខ្ញុំទើបតែបាន Come out (ប្រាប់ការពិត) ទៅកាន់ប៉ារបស់ខ្ញុំ កាលពីអំឡុងពេលបិទខ្ទប់ (Lockdown) កន្លងទៅនេះ។
កាលពីក្មេង ខ្ញុំមិនដែលឮពាក្យថា "Gay" ឬអ្វីដែលទាក់ទងនឹងអត្តសញ្ញាណភេទឡើយ។
រស់នៅក្នុងសង្គមខ្មែរយើង ខ្ញុំធ្លាប់តែគិតថា មនុស្សមានតែពីរភេទ
ហើយមនុស្សដែលខុសភេទគ្នាទើបអាចរៀបការជាមួយគ្នាបានហើយក៏មិនដែលដឹងថាពាក្យដែលមិត្តរួមថ្នាក់ប្រើជេរប្រមាថគ្នាខ្លះដូចជាអាខ្ទើយ
អាប៉េដេអីនឹង គឺជាពាក្យរើសអើងភេទនោះដែរ។
រហូតដល់ថ្នាក់ទី ១០
នៅពេលដែលខ្ញុំចាប់ផ្ដើមមានអារម្មណ៍ស្រឡាញ់មិត្តប្រុសម្នាក់ ខ្ញុំដាក់ឈ្មោះគាត់ថា X (ឈ្មោះសន្មត់ក្នុងអត្ថបទនេះ)។ ដំបូងខ្ញុំគិតថាវាគ្រាន់តែជាចរិតចូលចិត្ត ចង់រាប់អានមិត្តភក្តិធម្មតាប៉ុណ្ណោះ។
ថ្ងៃមួយនៅពេលដែលពួកយើងនៅតែពីរនាក់ គេបានសួរខ្ញុំថា៖ "មុខហ្អែងគួរឱ្យស្រឡាញ់ណាស់ ថើបមួយបានអត់?" ហើយខ្ញុំក៏ឆ្លើយថា "បាន!"។
នោះគឺជាស្នាមថើបដំបូងជាមួយមនុស្សប្រុស។ វាផ្ដល់អារម្មណ៍ល្អ
ហើយកក់ក្ដៅខ្លាំងណាស់ ប៉ុន្តែពេលនោះខ្ញុំនៅតែមិនទាន់យល់ពីខ្លួនឯងនៅឡើយទេ
ខ្ញុំគ្រាន់តែគិតថា ការថើបមិត្តល្អគឺជារឿងធម្មតា។ រហូតដល់ ពេលខ្ញុំប្តូរទៅរស់នៅភ្នំពេញ
ថ្ងៃមួយកំពុងឆាតលេងជាមួយ X គេក៏សួរខ្ញុំថា៖ "តើឯងជា Gay មែនទេ?"។ ពេលនោះ
ខ្ញុំក៏សួរគេវិញទាំងឆ្ងល់ថា "Gayអីគេ?"។ គេក៏បានពន្យល់ខ្ញុំ ហើយនិយាយពាក្យមួយដែលធ្វើឱ្យខ្ញុំខឹងខ្លាំងគឺ៖ "ខ្ញុំសង្ឃឹមថាឯងមិនមែនជា Gay ទេ ព្រោះវាជារឿងខុសធម្មជាតិ។ ខ្ញុំថើបឯងកាលនោះ
គឺក្នុងនាមជាបងប្អូនប៉ុណ្ណោះ"។ គេជាអ្នកបង្ហាញអកប្បកិរិយាចូលចិត្តខ្ញុំ
តែគេបែរជាមកនិយាយពាក្យបដិសេធន៍ខ្ញុំទៅវិញ។ ពេលនោះខ្ញុំគិតពីសម្ដីគេហើយស្វែងយល់ពីអារម្មណ៍ខ្លួនឯង
ទើបខ្ញុំយល់ដឹងពីជម្រៅចិត្តខ្លួនឯងកាន់តែច្បាស់ថា ខ្ញុំពិតជា Gay មែន។
ពេលឡើងដល់ថ្នាក់ទី ១១ ខ្ញុំចាប់ផ្ដើមដឹងឮរឿងអវិជ្ជមានពី Gay កាន់តែច្រើន រហូតធ្វើឱ្យខ្ញុំគិតថា "ជីវិតខ្ញុំចប់ហើយ ខ្ញុំមិនអាចរស់នៅដូចមនុស្សធម្មតាបានទេ"។ គំនិតនេះលងបន្លាចខ្ញុំជិតមួយឆ្នាំ។
ប៉ុន្តែរឿងដែលនឹកស្មានមិនដល់បានកើតឡើង
នៅពេលដែលខ្ញុំស្រាវជ្រាវអំពីសៀវភៅ Harry Potter ដែលខ្ញុំចូលចិត្ត។
ខ្ញុំបានអានសម្ភាសន៍របស់លោកស្រី J.K. Rowling ដែលគាត់និយាយថា៖
"Dumbledore គឺជា Gay"។ ឃ្លាមួយម៉ាត់នេះបានផ្លាស់ប្តូរជីវិតខ្ញុំទាំងស្រុង!
វាធ្វើឱ្យខ្ញុំចាប់ផ្ដើមរៀនទទួលស្គាល់ និងស្រឡាញ់ខ្លួនឯងជាថ្មី។
ខ្ញុំចាប់ផ្ដើមមើលរឿង និងស្វែងយល់ពីពិភព LGBTQ+ ដែលធ្វើឱ្យខ្ញុំមានទំនុកចិត្តកាន់តែខ្លាំងថា
ខ្ញុំមិនមែនរស់នៅម្នាក់ឯងឡើយ។
ចូលដល់សាកលវិទ្យាល័យ ខ្ញុំមានទំនាក់ទំនងស្នេហាមួយរយៈពេល ១
ឆ្នាំ ប៉ុន្តែក្រោយមកក៏សម្រេចចិត្តបែកគ្នា ហើយនៅរក្សាមិត្តភាពដដែល។ ខ្ញុំបាន Come out ប្រាប់មិត្តភក្តិជិតស្និទ្ធបំផុតពីរនាក់
(ម្នាក់ជាប្រុស និងម្នាក់ជាស្រី) ហើយពួកគេទាំងពីរទទួលបានយកខ្ញុំយ៉ាងកក់ក្តៅបំផុត។
ចុងក្រោយ បន្ទាប់ពីត្រឡប់មកផ្ទះវិញដោយសារកូវីដ
ខ្ញុំបានសម្រេចចិត្តប្រាប់ការពិតដល់ប៉ារបស់ខ្ញុំ។ ប៉ាខ្ញុំជាមនុស្សបើកចិត្តទូលាយ
គាត់បាននិយាយភ្លាមៗថា៖ "មិនអីទេ កុំបារម្ភអី កូននៅតែជាកូនរបស់ប៉ាដដែល"។ គាត់ថែមទាំងនិយាយទាំងអួលដើមកថា៖ "តែកូនអាចនឹងពិបាកបន្តិចដោយសារសង្គមខាងក្រៅរើសអើង
ប៉ុន្តែកុំខ្លាចអី ប៉ានឹងនៅក្បែរគាំទ្រកូនជានិច្ច
ប៉ាមិនខ្វល់ថាអ្នកដទៃនិយាយអ្វីឡើយ"។ ពេលនោះខ្ញុំយំខ្លាំងណាស់ តែជាទឹកភ្នែកនៃក្ដីសុខ។
បច្ចុប្បន្ន ខ្ញុំរស់នៅយ៉ាងមានក្ដីសុខ
និងមោទនភាពចំពោះខ្លួនឯង។ ខ្ញុំជឿជាក់ថាខ្ញុំនឹងមានជីវិតដ៏អស្ចារ្យ
នឹងបានជួបគូជីវិត និងរៀបការជាមួយគេនៅថ្ងៃណាមួយ។
សម្រាប់អ្នកដែលកំពុងអានអត្ថបទនេះ ប្រសិនបើអ្នកពិបាកចិត្តនឹងអត្តសញ្ញាណខ្លួនឯង
សូមកុំអស់សង្ឃឹមអី។ អ្នកមិនមែនរស់នៅម្នាក់ឯងទេ អ្នកក៏សមនឹងទទួលបានជីវិតដ៏ស្រស់ស្អាតដូចគេឯងដែរ។
"ចូលស្រឡាញ់ខ្លួនឯងឱ្យបានច្រើន
ព្រោះនៅពេលដែលអ្នកចាប់ផ្ដើមស្រឡាញ់ខ្លួនឯង
អ្នកនឹងមានកម្លាំងដើម្បីជម្នះគ្រប់ឧបសគ្គ"។
ដោយក្ដីស្រឡាញ់ពី មិត្ត Gay ម្នាក់
No comments:
Post a Comment